ក្រុមឈ្មួញយកគ្រឿងចក្រ ទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅជើងភ្នំពុទ្រា ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកលក់យ៉ាងគគ្រឹកគគ្រេង
ប៉ៃលិន ៖ គេសង្កេតឃើញក្រុមឈ្មួញបានយកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅជើងភ្នំពុទ្រា ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកលក់យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធថា មិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីជំនាញ ចុះពិនិត្យមើល នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២២នេះ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ការជីកកកាយដីភ្នំដឹកលក់តាមភូមិនេះ បណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ហើយធ្វើឱ្យបាត់បង់នូវសោភ័ណភាពភ្នំក៏ដូចជាធ្វើឲ្យខូចខាតភ្នំដែលជាកេរមរតកដូនតា។ ប្រភពបន្តទៀតថា បើសិនជាក្រុមឈ្មួញបន្តនាំគ្នាចេះតែជីកកកាយដីភ្នំដឹកលក់របៀបនេះ ភ្នំតូចធំជាច្រើននៅខេត្តប៉ៃលិននឹងរលាយក្លាយជាផេះផង់ជាក់ជាមិនខាន ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលទីតាំងខាងលើនេះផង កុំចេះតែបណ្ដែតបណ្ដោយឱ្យជីកកកាយយ៉ាងអនាធិបតេយ្យបែបនេះតទៅទៀត។
ពាក់ព័ន្ធបញ្ហានេះ លោក សុខ សួន ប្រធនមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន បានឲ្យដឹងថា លោកមិនទាន់ដឹងការជីកកាយដីជើងភ្នំនេះនៅឡើយទេ ចំណែកឯកសារពាក់ព័ន្ធច្បាប់អជ្ញាប័ណ្ណក៏មិនទាន់ឃើញតម្កល់នៅមន្ទីរនៅឡើយទេ។ ចំណែកលោក គឹម សុខាប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានដឹងថា ខាងលោកមិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល។
ប្រភពព័ត៌មាន បានឲ្យដឹងថា គ្រឿងចក្រឧកញ៉ាហេង ប្រចាំនៅខេត្តប៉ៃលិន ដែលប្អូនជាអ្នកគ្រប់គ្រង់មានឈ្មោះឆាយ ចំរើន ភេទប្រុស ហើយគ្រឿងចក្ររបស់គាត់មានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ ខណៈម្ចាស់ដីនេះ គេក៏៏មានប្លង់រឹងត្រឹមត្រូវ អាចជីកកែដឹកលក់បាន មិនមានបញ្ហាអ្វីនោះទេ។
ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថាពាក់ព័ន្ធទៅនឹងដីភ្នំ គឺមិនអាចអនុញ្ញាតឲ្យគ្រឿងចក្រណាមួយទៅជីកកកាយបានទេ ហើយខាងអាជ្ញាធរស្រុកក៏មិនអាចអនុញ្ញាតច្បាប់ឱ្យជីកកកាយដីភ្នំណាមួយឡើយ។ បើសិនជាមានការជីកកកាយដីភ្នំមែន លោកនឹងចាត់ឲ្យមន្ត្រីចុះទៅហាមឃាត់មិនឲ្យបន្តទៀតនោះទេ ហើយនិងអប់រំណែនាំដល់ម្ចាស់គ្រឿងចក្រ ព្រមទាំងម្ចាស់រថយន្តផងដែរ ។
សូមបញ្ជាក់ថា ក្រុមគ្រឿងចក្រ និងរថយន្តដឹកដី នៅចំណុចខាងលើ ត្រូវបានបើកចេញអស់ហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីអ្នកសារព័ត៌មានចុះផ្តិតយករូបភាព ចុះសម្ភាសន៍មន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕