លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ តុលាការ បានសម្រេចលើកលែង ការចោទប្រកាន់ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន
ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចលើកលែង ការចោទប្រកាន់ហើយ ហើយមានការបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ តុលាការ បានសម្រេចលើកលែង ការចោទប្រកាន់ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧។
ដីកាសម្រេចលើកលែង ការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
យោងតាមដីកាសម្រេច លើកលែងការចោទប្រកាន់ បានឲ្យដឹងថា តាមការពិនិត្យឯកសារ នានា ក្នុងសំណុំរឿង ឃើញថា អង្គហេតុ ដែលបានចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រម ព្រហ្មទណ្ឌ មាត្រា៣៨.១ថ្មី ចំណុចទី៤ និងមាត្រា ៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ នោះ គឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំ ឈ្មោះ គួង (គ័ង) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍ពុំមានភស្តុតាង ដាក់បន្ទុកជាសាក្សី ឬឯកសារណាមួយ ដែលបានបញ្ជាក់ ពីការចូលរួមរបស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ ។
តាមច្បាប់ព្រហ្មទណ្ឌអន្តរកាល មាត្រា៣០ ចែងថា អាជ្ញាយុកាលសំរាប់បទមជ្ឈឹម មានរយៈពេលបីឆ្នាំ រីឯ អាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាល ត្រូវចប់ នៅពេលណាសកម្មភាពនីតិវិធីទាំងអស់ បានសម្រេច ។
តាមដីកាសន្និដ្ឋានស្ថាពរលេខ៩៩៩ អ.យ.ខ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ របស់អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែង ចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស ជនជាតិខ្មែរ។
ដីកាសម្រេចលើកលែង ការចោទប្រកាន់ បានបញ្ជាក់ថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់ សម្រាប់ ដាក់បន្ទុកលើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូល សារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៣៨,១ថ្មី ចំណុចទី៤ និងមាត្រា៣២.១ថ្មី ចំណុចទី៤.ង នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០០៥ គប្បីសម្រេចលើកលែង ចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិមាត្រា ២៤៧ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ , មាត្រា៣៦៨, មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះ សម្រេចលើកលែង ចោទប្រកាន់ លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយ៉ង ស្រុកភ្នំស្រួច ខេត្តកំពង់”// ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧។
សូមជម្រាបថា លោកញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយនៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោកញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញ ពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៕