បង្ក្រាបមុខសញ្ញាក្រុមចោរគាស់ផ្ទះ យ៉ាងសកម្ម ក្រុងតាខ្មៅ

កណ្តាល៖ បង្ក្រាបមុខសញ្ញាក្រុមចោរគាស់ផ្ទះយ៉ាងសកម្មនៅក្រុងតាខ្មៅ បានដោយជោគជ័យ ។
មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់ នេះ ត្រូវបាន លោក អាត ច័ន្ទដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣និងមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤ នៅចំណុចសាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជនរងគ្រោះឈ្មោះទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀន ជនជាតិខ្មែរ ។
មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់ ទី១ ឈ្មោះ បុត្រ គង់ អាយុ២៩ឆ្នាំ ទី២ ឈ្មោះសូទី សូអ៊ី ហៅពយ អាយុ២៩ឆ្នាំ និង ទី៣ ឈ្មោះ ហ៊ុយ វន្នី អាយុ៣០ឆ្នាំ ។
មុនពេលកើតហេតុជនរងគ្រោះបានទុកសម្ភារ: នៅក្នុងបន្ទប់ទីចាត់ការសាលាមត្តេយ្យ ដោយបានចាក់សោរត្រឹមត្រូវមុនពេលចាកចេញទៅផ្ទះ ។ លុះដល់ថ្ងៃកើតហេតុ ពេលជនរងគ្រោះបានទៅធ្វើការដូចរាល់ដងវិញស្រាប់តែឃើញទ្វារទីចាត់ការ ត្រូវបានចោរលួចគាស់ ហើយបាត់បង់នូវសម្ភារ:មួយចំនួន ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ជួយធ្វើការស្រាវជ្រាវហើយប៉ុស្តិ៍បានរាយការណ៍មកលោកអធិកាក្រុងតាខ្មៅ អោយផ្នែកជំនាញចុះមកពិនិត្យ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានតែម្តង ។ នៅពេលនេះ មុខសញ្ញាចោរគាស់ផ្ទះយ៉ាងសកម្មទាំង៣នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ រង់ចាំវិនិច្ឆ័យទោស នាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង