លោក កែវ រ៉េមី ៖ កិច្ចប្រជុំលើកទី៣៤ របស់អាយឆា បញ្ចប់ទៅដោយរលូន មានការយោគយល់គ្នា និងមានទិសដៅលើកកម្ពស់សិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) បានរៀបចំឡើងតាមរយៈតាមប្រព័ន្ធវីដេអូ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២ ដែលមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋាន អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអាយឆា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចប្រជុំលើកទី៣៤ របស់អាយឆា បានបញ្ចប់ទៅដោយរលូន មានការយោគយល់គ្នា និងមានទិសដៅលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ លោក កែវ រ៉េមី ថា កិច្ចប្រជុំលើកទី៣៤ បានពិនិត្យលើការអនុម័តរបាយការណ៍សង្ខេបចំនួន៥ ស្តីអំពីសកម្មភាពរបស់អាយឆា ក្នុងឆ្នាំ២០២១ ការជម្រាបជូនពីវឌ្ឍនភាពថ្មីៗ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសិទ្ធិមនុស្សរបស់ប្រទេស សមាជិកអាស៊ានមួយចំនួន បន្តពិភាក្សាលើឯកសារទស្សនទានជាច្រើន នៃកម្មវិធីអាទិភាពរបស់អាយឆា ដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២២ ការពិភាក្សាពីកម្មវិធីអាទិភាពរបស់អាយឆាសម្រាប់អនុវត្តនៅឆ្នាំ២០២៣ ការរាយការណ៍ពីការតាមដាននិងវាយតម្លៃលើក្របខណ្ឌការងារ នៃផែនការ៥ឆ្នាំ របស់អាយឆា (២០២១-២០២៥) ព្រមទាំងការលើកឡើងពីគម្រោងរៀបចំការប្រារព្ធអបអរខួប១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។
លោក កែវ រ៉េមី បានបញ្ជាក់ថា ជាផែនការសកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០២២ គឺផ្ដោតលើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ច និងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿសាសនា សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ បម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស សិទ្ធិទទួលបានសេវាសុខាភិបាល និងសិទ្ធិទទួលបានសញ្ញាតិ។ កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៤-២០២១ ដែលបានអនុម័តរួចហើយ តែមិនទាន់បានរៀបចំធ្វើដោយសារតែបញ្ហាជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ ប្រធានអាយឆាកម្ពុជា បានបន្តថា ក៏មានការធ្វើបច្ចុប្បន្នភាព ទៅលើសេចក្តីព្រាងរបាយការណ៍ចំនួន៥ ស្តីពីកម្មវិធី/សកម្មភាព ដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាព នៃការសិក្សា និងប្រធានបទសិក្សារបស់អាយឆាចំនួន៥ សកម្មភាពទៀត។
ក្រៅពីនេះ កិច្ចប្រជុំបានពិភាក្សាលើទម្រង់ឯកសារចំនួន៣ សម្រាប់ជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរួមទាំងរបាយការណ៍សកម្មភាពរបស់អាយឆា ត្រៀមធ្វើការរាយការណ៍ជូនកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។
កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយអាយឆាកម្ពុជា និងអាយឆាឥណ្ឌូនេស៊ី បានឯកភាពរួមគ្នា ក្នុងការរៀបចំកិច្ចសន្ទនាលើកទី៤ រវាងអាយឆា និងសហគមន៍អឺរ៉ុប លើគោលនយោបាយស្តីពីសិទ្ធិមនុស្ស។ ចំពោះការងារទំនាក់ទំនងជាមួយសង្គមស៊ីវិល តំណាងកម្ពុជា រួមជាមួយអាយឆាថៃ និងអាយឆាម៉ាឡេស៊ី បានចូលរួមធ្វើជាគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃសម្រាប់ផ្តល់ឋានៈជាដៃគូសន្ទនារបស់អាយឆា ដល់អង្គការសង្គមស៊ីវិល។ លើបញ្ហាផ្សេងៗ កិច្ចប្រជុំបានពិភាក្សាលើការបង្កើតក្រុមការងារ ការសម្ភោធផែនការសកម្មភាព និងក្របខណ្ឌយុទ្ធសាស្ត្រផ្សេងៗ ដើម្បីការលើកកម្ពស់ និងការការពារលើវិស័យសិទ្ធិមួយចំនួនទៀត។
កិច្ចប្រជុំលើកទី៣៤ របស់អាយឆា បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ហើយសមាជិកទាំងអស់នៃកិច្ចប្រជុំបានសម្តែងនូវការកោតសរសើរ ចំពោះតំណាងកម្ពុជា ប្រចាំអាយឆា ដែលបានដឹកនាំកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលល្អ។ តំណាងនៃប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា នឹងរួមសហការគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២២ ក្នុងទិសដៅលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង