តារាសម្តែងលោក យុទ្ធ ឋានៈ បានពោលពាក្យយ៉ាងចាក់ដោតមួយទៅភរិយា គឺនាង សូដា នីតា បន្ទាប់ពីនាងបានបង្ហោះសារសម្រេចលែងលះជាប្តីប្រពន្ធ តាមបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ លោក យុទ្ធ ឋានៈ មិនបានលម្អិតអំពីបញ្ហាដែលបានកើតឡើងទៅលើគ្រួសារលោកឡើយ ប៉ុន្តែលោកបានត្រឹមតែបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកថា «គាត់បានសម្រេចចិត្តត្រូវហើយ ព្រោះខ្ញុំមិនមែនជាប្ដីល្អ»។ លោកបញ្ជាក់ថា «បងដេកគិតពីយប់ឥឡូវបងយល់ហើយថា បងត្រូវធ្វើបែបណា បងព្រមទទួលទង្វើ និងកំហុសគ្រប់យ៉ាងទាំងអស់ គ្រប់យ៉ាងគឺបងជាអ្នកខុស ហើយខ្ញុំមិនទទួល phone និងមិនតបឆាតបងប្អូនណាទាំងអស់ ចឹងសូមបងប្អូនកុំឆាតមកសួរខ្ញុំទៀត ខ្ញុំមិនចង់ឆ្លើយអ្វីទាំងអស់» ។
តារាសម្តែងលោក យុទ្ធ ឋានៈ បានពោលពាក្យយ៉ាងចាក់ដោតមួយទៅភរិយា គឺនាង សូដា នីតា បន្ទាប់ពីនាងបានបង្ហោះសារសម្រេចលែងលះជាប្តីប្រពន្ធតាមបណ្តាញសង្គមហ្វេសប៊ុក។ ទាំងលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា សុទ្ធតែប្រកាន់ជំហរដូចគ្នាថា នឹងមិនឆ្លើយតបណាមួយអោយលម្អិតជាមួយអ្នកណាម្នាក់ និងបណ្តាញសារព័ត៌មាននានា អំពីរឿងរ៉ាវនេះឡើយ ប៉ុន្តែអ្នកទាំងពីរទទួលស្គាល់ចំណងគ្រួសាររបស់គេ កំពុងតែមានភាពរកាំរកូស រហូតអាចឈានទៅដល់ការចែកផ្លូវគ្នា។
មុនពេលលោក យុទ្ធ ឋានៈ បង្ហោះសារនេះ អ្នកនាង សូដា នីតា ក៏បានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយនៅលើគណនេយ្យហ្វេសប៊ុករបស់នាងថា «អរគុណបងស្រី. Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូនគ្រប់រឿង ទុកអោយពេលវេលាជាអ្នកកំណត់ចុះបង ព្រោះកន្លងមក ក៏ជាពេលវេលានាំអោយមនុស្សស្គាល់គ្នានឹង ស្រលាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ»។
នាងបញ្ជាក់ថា «១ថ្ងៃនេះ 29/03/22 ខ្ញុំសំរេចបាន២ ទី១- សំរេចចិត្តទទួលជាស្ត្រីម៉េមាយ (លែងលះ) ទី២- សំរេចចិត្តឈប់ធ្វើការអោយគ្រុបតារាអ៊ិនធើថេនមែន ទី៣- ការងារផ្សេងៗផ្នែកសិល្បៈ នាងខ្ញុំនៅទទួលដដែលទេ បងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រលាញ់ពេញចិត្ត»។
ដោយឡែកបន្ថែមពីលើសារខាងលើនេះ អ្នកនាង សូដា នីតា ក៏បានបង្ហោះសារយ៉ាងចាក់ដោតមួយបន្ថែមទៀតថា «មនុស្សគ្រប់គ្នាចូរចាំថា គ្រប់គ្នានូវពេលសល់ដង្ហើមដក ត្រូវចេះគិតធ្វើល្អ និយាយល្អ រក្សានូវអ្វីដែលហៅថា អនុស្សាវរីយ៍ ត្រូវរក្សា ខុសបំភ្លេច បើខុសគឺចេះសុំទោស បើត្រូវ គឺត្រូវចេះអភ័យ ចងក្តីស្រលាញ់ ចងមិត្តក្នុងចិត្តរក្សាទំនាក់ទំនង ។ កុំបីចាំបាច់ បាត់បង់មនុស្សម្នាក់នោះហើយ មនុស្សម្នាក់ទៀតមក អុចធូកសុំទោស ព្រោះមនុស្សម្នាក់នឹងមិនអាចថយក្រោយ មកអភ័យអោយអ្នកបានឡើយ!»។
ក្រោយពីទម្លាយរឿងរ៉ាវជម្លោះគ្រួសារជាសាធារណៈនាពេលនេះ ពីលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា បានធ្វើឱ្យមហាជន ជាពិសេសមិត្តភក្តិក្នុងចង្កោមសិល្បៈ បានស្នើសុំអោយអ្នកទាំងពីរមានការអត់ធ្មត់ និងស្វែងរកដំណោះល្អ ខណៈពេលពួកគេក៏ចង់ឃើញអ្នកទាំងពីរមានការផ្សះផ្សារគ្នាឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង