បរិមាណទឹកភ្លៀង ដែលបានធ្លាក់រយៈពេល២៤ម៉ោង ត្រឹមថ្ងៃទី២ខែមេសា នៅលើខេត្តជាច្រើនមានកម្រិតពីតិចទៅច្រើន
ភ្នំពេញ: លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ ដឹងថា ភ្លៀងធ្លាក់កាលពីយប់មិញ(០១មេសា) រហូតមកដល់ថ្ងៃនេះ(២មេសា) កន្លែងខ្លះក្នុងខេត្តមួយចំនួនភ្លៀងនៅបន្តធ្លាក់មានដល់កម្រិតជាង១០០មីលីម៉ែត្រ។ ថ្ងៃនេះភ្លៀងបន្តធ្លាក់ថែម ច្រើនមកទៀត ដោយចាប់ផ្តើមរុញមកពីខាងមាត់សមុទ្រ។
បរិមាណទឹកភ្លៀងដែលបានធ្លាក់រយៈពេល២៤ម៉ោង ត្រឹមថ្ងៃទី២ខែមេសា ឆ្នំា២០២២នេះ នៅលើខេត្តជាច្រើនមានកម្រិតពីតិចទៅច្រើន នៅខេត្តកំពង់ធំនិងកំពង់ឆ្នាំងមាន កម្រិតដល់ជាង១០០មីលីម៉ែត្រ។ ពេលនេះ ភ្លៀងបាននឹងកំពុងបន្តធ្លាក់រាយប៉ាយនៅលើខេត្តជាច្រើន ដោយចាប់ផ្តើមរុញមកពីតមបន់មាត់សមុទ្រ។
របាយទឹកភ្លៀងធ្លាក់២៤ម៉ោងត្រឹមព្រឺកថ្ងៃទី២ខែមេសាឆ្នាំ២០២២ នៅខេត្តកំពង់ចាមមានកម្រិតពីតិចដល់២២មីលីម៉ែត្រ, ខេត្តត្បូងឃ្មុំមានកម្រិតពី៣ដល់៣៤មីលីម៉ែត្រ, ខេត្តព្រៃវែងមានកម្រិតពី១ដល់២៥មីលីម៉ែត្រ, ខេត្តមណ្ឌលគិរិពី៤ដល់៣២មីលីម៉ែត្រ, ខេត្តឧត្តរមានជ័យពី៣ដល់៥១មីលីម៉ែត្រ, ខេត្តកំពង់ស្ពឺមានកម្រិតពី១ដល់៦៣មីលីម៉ែត្រ, ខេត្តប៉ៃលិនមានភ្លៀងក្នុងកម្រិតតិចតួច, ខេត្តតាកែវមានកម្រិតពី១ដល់៤៨មីលីម៉ែត្រ, ខេត្តកែបមានកម្រិតពី២៣ដល់៣០មីលី ម៉ែត្រ, ខេត្តពោធិសាត់មានកម្រិតពី៧ដល់៤៨មីលីម៉ែត្រ, ខេត្តព្រះវិហារមានមានកម្រិតពី៥ដល់៦០មីលីម៉ែត្រ, ខេត្តសៀមរាបមានកម្រិតពី២ដល់៧១មីលីម៉ែត្រ, ខេត្តស្វាយរៀងមានកម្រិតពី២ដល់២៦មីលីម៉ែត្រ, ខេត្តបាត់ដំបង មានកម្រិតពី៤ដល់១៦មីលីម៉ែត្រ, ខេត្តរតនគិរីមានកម្រិតពី៤ដល់៤៦មីលីម៉ែត្រ, ខេត្តកណ្តាលមានកម្រិតពីតិចដល់២៥មីលីម៉ែត្រ, ខេត្តកំបង់ធំមានកម្រិតពី២ដល់១០១មីលីម៉ែត្រ, ខេត្តកំពង់ឆ្នាំងមានភ្លៀងកម្រិតពី៤ដល់១១៥មីលីម៉ែត្រ, ខេត្តព្រះសីហនុមានកម្រិតពី៦ដល់២៧មីលីម៉ែត្រ, ខេត្តស្ទឹងត្រែងមានកម្រិតពី១៣ដល់៤៤មីលីម៉ែត្រ, ខេត្តកោះកុងមានកម្រិតពី១១ដល់៥៩មីលីម៉ែត្រ, ខេត្តបន្ទាយមានជ័យមានកម្រិតពីតិចដល់១៣មីលីម៉ែត្រ និងរាជធានីភ្នំពេញមានកម្រិតពី២ដល់៧មីលីម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៩ខែមីនា បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២២ ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូង និងឥទ្ធិពលទ្រនុងសម្ពស់ពីប្រទេសចិន ក្នុងកម្រិតបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើនជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថាពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី១ខែមេសា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មដែលនិងកើតមានឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។ ពីថ្ងៃទី២ដល់៥ខែមេសា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនក្នុងកម្រិតបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តា ខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៦អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣១ទៅ៣៤អង្សាសេ។
នៅតំបន់ទំនាបកណ្តាលពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី២ខែមេសា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។តែចាប់ពីថ្ងៃទី៣ទៅ៥ខែមេសាបរិមាណភ្លៀងនឹងចុះខ្សោយទៅវិញ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចមកវិញដែរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៦អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣១ទៅ៣៤អង្សាសេ។នៅអំឡុងពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី២ខែមេសា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ពីថ្ងៃទី៣ដល់៥ខែមេសា បរិមាណទឹកភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣០ទៅ៣២អអង្សាសេ។នៅអំឡុងពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយទៅវិញ៕