លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ៖ “គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួល នូវអម្រែកភារកិច្ច បម្រើប្រជាពលរដ្ឋ”

ភ្នំពេញ : ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត នៅថ្លែងក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថាៈ “គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស កាន់អំណាច ដែលសំដៅដល់ការទទួលនូវ អម្រែកភារកិច្ច បម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្ស មូលដ្ឋានបន្តសហការជាមួយ ក្រុមការងារគណបក្ស គ្រប់យន្តការ ក្នុងនាមជាកម្លាំងសរុប របស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជន ជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សា សុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ”។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថាៈ ក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ នៅក្រោម ការខិតខំប្រឹងប្រែង និងបូជាលះបង់ របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ និងសមិទ្ធផល យ៉ាងធំធេង លើការដឹកនាំនាវាកម្ពុជា មកដល់ចំណុច នេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិក កាន់តែច្រើន បន្ថែមទៀត ដែលទាំងនេះ គឺជាកម្លាំងចិត្ត ដ៏មានថាមពល សម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។
លោកបានសង្កត់ធ្ងន់ថា “សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេង នៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រួសារមួយនេះ បានចូលរួម នៅក្នុងបុព្វហេតុជាតិជាច្រើន ទៅតាមដំណាក់កាលផ្សេងៗ នៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋ ចេញពីរបបប៉ុលពត,ការសម្រេចបាន នូវសុខសន្តិភាព ពេញលេញ ជូនជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេល ជាង ០២ ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែរ រាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុត ពីជ្រោះមរណៈនៃជំងឺកូវីដ-១៩”។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរ ចំពោះការចូលរួម របស់យុវជន យុវនារី ជាសមាជិកថ្មី នៅក្នុងមហាគ្រួសារដ៏កក់ក្តៅ នៃគណបក្សប្រជាជន កម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះ មហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមាន សមាជិក ជាយុវជនជាង ៣ លាននាក់ នៅទូទាំងប្រទេស។ សូមសមាជិក សមាជិកាបក្ស ទាំងអស់ មានមោទនភាព ចំពោះមហាគ្រួសារមួយនេះ ដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិក សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរ នៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការ ចាត់តាំង បក្សគ្រប់ជាន់ថ្នាក់ នៅក្នុងមូលដ្ឋាន ស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងរួមគ្នា បម្រើប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ស្របតាមគោលការណ៍ របស់គណបក្សថ្នាក់លើ៕

អត្ថបទដែលជាប់ទាក់ទង