ឃាត់បុរសម្នាក់ ជាអ្នកបង្កើតវីដេអូ រកលុយតាមយូធូប បានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី ២នាក់ ត្រូវជាកូន និងក្មួយ

ខេត្តប៉ៃលិន៖ នៅម៉ោង ៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលបណ្តឹងថា បុរសម្នាក់ ជាអ្នកបង្កើតវីដេអូ រកលុយតាមយូធូប បានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី ២នាក់។ ក្មេងស្រីរងគ្រោះទាំងនោះ ត្រូវជាកូន និងក្មួយរបស់បុរសម្នាក់ ដែលបានរាយការណ៍ ប្តឹងទៅប៉ូលិស ដែលស្ថិតនៅក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នគរបាលបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំដូចគ្នា។ ទាំងពីរនាក់ ជាកូនឈ្នួលរបស់ជនសង្ស័យ ដែលរស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចំណែកឯជនសង្ស័យ មានឈ្មោះ ជុន ប្រុស ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នករកលុយ តាមយូធូប បច្ចុប្បន្នរស់នៅភូមិជាមួយគ្នានឹងក្មេងស្រីរងគ្រោះទាំងពីរនាក់ខាងលើ។
មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅធ្វើជាកូនឈ្នួល ដើម្បីដាំបាយ ធ្វើម្ហូបឱ្យជនសង្ស័យអស់រយៈពេលជាង ១ឆ្នាំមកហើយ។ បុរសនោះ បានលួងលោមក្មេងស្រីទាំងពីរនាក់ យកទៅរួមរក្សបានសម្រេចជាច្រើនលើកច្រើនសា រហូតដល់ក្រោយមកក្មេងស្រីទាំងពីរនាក់ ចេះតែមានអាការ:ខុសប្លែកពីធម្មតា ដែលធ្វើឱ្យឪពុកម្តាយ និងអ្នកភូមិ មានការឆ្ងល់សង្ស័យ ព្រោះនាងបែកសាច់ធំលឿនខុសពីក្មេងដទៃ ទើបនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានស៊ើបដឹងរឿង បន្ទាប់ពីសួរនាំកូន និងក្មួយស្រីរបស់ខ្លួន ដោយនាងបានសារភាពប្រាប់តាមត្រង់។ លុះដឹងច្បាស់ហើយ គឺនៅថ្ងៃទី១ ខែមេសា ឪពុកក្មេងស្រីរងគ្រោះ បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍ ឱ្យចាប់ឃាត់ខ្លួនបុរសជនសង្ស័យតែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ ជនសង្ស័យនេះ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ចាប់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង