ភ្ញាក់ផ្អើល ត្រីជាច្រើនប្រភេទ ដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ពុលងាប់ជាបន្តបន្ទាប់

កំពង់ស្ពឺ: កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ត្រីជាច្រើនប្រភេទដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត បានពុលងាប់ជាបន្តបន្ទាប់ ។
បើតាមសម្តីមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះថា ករណីត្រីពុលនៅតាមដងស្ទឹងព្រែកត្នោតមានចំនួនពីរកន្លែង គឺនៅចំណុចទំនប់រលាំងជ្រៃ ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង និងនៅចំណុចស្ពានស្ទឹងស្វាស្លាប់ ស្ថិតក្នងឃុំតាំងសំរោង ស្រុកភ្នំស្រួច។ ចំពោះនៅចំណុចទំនប់រលាំងជ្រៃ តាមការផ្តល់ពត៌មានពីប្រជាពលថាកាលពីថ្ងៃទី១ ខែមេសា វេលាម៉ោង៣រសៀល មានប្រប្រជាពលរដ្ឋជាច្រើនបានចាប់ ត្រង ដួស យកត្រីដែលមានស្ថានភាពពុល។
ហើយម្នាក់ៗចាប់បានត្រីពី៨គីឡូក្រាមទៅ ១០០គីឡូក្រាម ដែលមានប្រភេទត្រីឆ្លាំង ផ្ទក់ ឆ្ពិន សណ្តាយ រៀល តានេល និងត្រីផ្សេងៗទៀត។
ចំណែកនៅស្ទឹងស្វាស្លាប់ (ហៅស្ពានអង្គជុំ) ស្ថិតក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច តាមការបញ្ជាក់ពីអាជ្ញាធរឃុំថា កន្លងមកមានការពុលត្រីនៅតាមដងស្ទឹងនេះដែរ អាជ្ញាធរឃុំបានស្រាវជ្រាវឃើញថា ការបង្កធ្វើឲ្យត្រីពុងាប់ជាច្រើននេះបណ្តាលមកពីការបង្ហូរ ឬបាក់ទំនប់កន្លែងស្តុកកាកសំណល់រោងចក្រកែច្នៃស្វាយ នៅភូមិដក់ព ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច និងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ ចំពោះបញ្ហានេះអាជ្ញាធរឃុំបានណែនាំ ហើយនៅតែកើតមានជាបន្តបន្ទាប់ ដូចនេះក៏បានរាយការណ៍ទៅថ្នាក់ស្រុកដើម្បីចាត់ការវិញ៕

អត្ថបទដែលជាប់ទាក់ទង