នារីម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើប ជែងក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តក្រឡុកស៊ីម៉ងត៍ រួចបោកផ្ទប់នឹងរថយន្តស្ទូច បណ្តាលឱ្យរថយន្តខ្ទាតទៅចិញ្ចើមផ្លូវ រងការខូចខាតស្ទើរតែទាំងស្រុង
ភ្នំពេញ ៖ កាលពី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខអ៊ីអន២ តាមបណ្ដោយផ្លូវ លេខ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខតាកែវ 3A-2870 បើកចេញពីការដ្ឋានមួយកន្លែងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ១០០៣ ពីជើងទៅត្បូងក្នុងល្បឿនមធ្យម។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងមិនចាំស្លាកលេខបានបើកបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង មកទន្ទឹមគ្នានឹងរថយន្តស្ទូច ខណៈនោះក៏មានរថយន្តស៊េរីទំនើបម៉ាកម៉ាស្ដាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-2955 បើកបរដោយនារីម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយរថយន្តក្រឡុកស៊ីម៉ងត៍ រួចក៏បើកវ៉ាជែងក្នុងល្បឿនលឿន បានចូលមកក្នុងចន្លោះកណ្ដាលបណ្ដាលឱ្យប៉ះរថយន្តក្រឡុកស៊ីម៉ងត៍ហើយរេចង្កូតមកខាងឆ្វេងដៃបោកផ្ទប់នឹងកន្ទុយរថយន្តស្ទូចផ្នែកខាងឆ្វេងធ្វើឱ្យរថយន្តម៉ាស្តាខ្ទាតមកបោកផ្ទប់នឹងរថយន្តក្រឡុកស៊ីម៉ងត៍ម្តងទៀត បណ្ដាលឲ្យប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរតែទាំងស្រុង។ ភ្លាមៗនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបានរងរបូសស្រាលហើយបានលូនចេញពីរថយន្ត និងបានទំនាក់ទំនងហៅមិត្តភក្កិមកយកចេញពីកន្លែងកើតហេតុបាត់ទៅ។ចំណែករថយន្តក្រឡុកស៊ីម៉ងត៍ក៏បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕