សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៖ អ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនអាចអត់ឱនឲ្យនោះទេ

សៀមរាប ៖ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព គឺរាជរដ្ឋាភិបាល មិនអាចអត់ឱនឲ្យនោះទេ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមិនងាយស្រួលរកដូចបង្កើតសង្រ្គាមនោះទេ ដោយសង្រ្គាមប្រើពេលតែ ១៥នាទីប៉ុណ្ណោះ គឺបង្កើតឡើងបានហើយ។ ដូច្នេះហើយ ជនរួមជាតិទោះបីជាមកពីគណបក្សនយោបាយក៏ដោយ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «សម្រាប់ពេលខាងមុខនេះ បងប្អូនជនរួមជាតិបើទោះបីជាចេញពីគណបក្ស ណាក៏ដោយ គឺត្រូវការពារសន្តិភាព អ្នកដែលបំផ្លាញមិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះតែពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើត ជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព…ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់ យើងក៏ត្រូវតែហ៊ានប្ដូរផ្ដាច់ជាមួយនឹងការបំផ្លាញសន្តិភាព»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះមិនមែនជាការព្រមានចំពោះអ្នកណានោះ ក៏ប៉ុន្តែដើម្បីសេចក្ដីត្រូវការនៃសន្តិភាពសម្រាប់ប្រទេស គឺអ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនត្រូវទទួលបានការអត់ឱនឲ្យនោះទេ ដែលនេះគឺជាការប្ដូរផ្ដាច់របស់សម្ដេច៕

អត្ថបទដែលជាប់ទាក់ទង