នារីជានិស្សិតម្នាក់បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតក៏របួសធ្ងន់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍២ករណី ផ្សេងគ្នា
ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវលេខ១១៤ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ដោយមានរថយន្តមិនស្គាល់ម៉ាក និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរពីលិចទៅកើតហើយក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១R-៤៥៨៩ បើកបរដោយឈ្មោះ អ៊ុន ផានិត ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច
បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយពីឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់បន្សល់តែស្ត្រីរងគ្រោះនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ទី១នេះគឺដោយសារតែអ្នកបើកបររថយន្តមិនប្រកាន់ស្តាំទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ ៣SVR១ ស្ថិតក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញAU-5854បើកបរដោយឈ្មោះ ពុត សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានបេីកពីត្បូងទៅជើងក៏ទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះនៅ ដាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ដែលបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កគ្រោះថ្នាក់តែម្ដង។
ជនរងគ្រោះត្រូវបានបងប្អូន ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ខេត្តស្វាយរៀង រីឯម៉ូតូ(ខូចខាតស្រាលទាំងពីរគ្រឿង) សមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕