ប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ទ្វេភាគី និងអន្តរជាតិ ចំនួន៣ច្រក នៅត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអញ្ជើញប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគី និងអន្តរជាតិ ចំនួន ៣ច្រក។
ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខាគយប្រចាំច្រកទ្វារ តាម បណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសនោះ លោក មួន សុភាព ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីដារ ក្នុងស្រុកមេមត់ ឱ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ជំនួសលោក ផាន់ គឹមសន ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តត្បូងឃ្មុំវិញ, លោក ហាស់ ពណ្ណរិទ្ធ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ឱ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងស្រុកមេមត់ និងលោក សុន ស ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ក្នុងស្រុកមេមត់។
នាឱកាសនោះ លោក ពាង ណារិទ្ធ បានលើកឡើងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធ ការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែន អនុវត្តបានយ៉ាងល្អប្រសើរនាពេល កន្លងមក។ ជាមួយគ្នានោះលោកបានណែនាំឱ្យប្រធានច្រក ដែលបានប្រកាសឱ្យកាន់មុខតំណែង និងទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន។
មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការជាមួយមន្ត្រីគយ ប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង