សំរេចឃុំខ្លួនស្ត្រីម្នាក់ ករណីលួចទូដែក លុយ ជាង៥០ម៉ឺនដុល្លារ
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាមន្ត្រីបម្រើការងារនៅក្រសួងរ៉ែ និងថាមពល ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការលួចទូរដែលមានប្រាក់ជាង៥០ម៉ឺនដុល្លារជនជាប់ចោទឈ្មោះ ឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន ។ ក្រសួងរ៉ែ និងថាមពល បានអះអាងថា បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំ ពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល តាមប្រកាសអន្តរក្រសួង។
ថវិកាទាំងអស់នេះ សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មកសម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួងលើមុខការផ្សេងៗ របស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ ៕