សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារសាច់ញាតិប្រារព្ធពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងញាតិការដែលបានចែកឋាន
(ត្បូងឃ្មុំ)៖ គួរជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយសេចក្ដីកត្តញ្ញូតាធម៌ចំពោះមាតាបិតា និងញាតិការទាំងឡាយដែលបានចែកឋានទៅហើយនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងក្រុមគ្រួសារសាច់ញាតិ បានប្រារព្ធពិធីរាប់បាត្រ និងបង្សុកូលគោរពឧទ្ទិសមគ្គផលជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងញាតិការដែលបានចែកឋាន នៅឯស្រុកកំណើតគឺស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលជិត៣ឆ្នាំហើយ ដែលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានចែកឋានទៅកាន់បរលោកខាងមុខ ហើយនៅថ្ងៃនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមជាមួយលោកស្រី ប៊ុន សាមលេន និងលោក គីម ទូច, លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ, លោកស្រី ប៊ុន សុថា និងលោក តាន់ បញ្ញាវុធ ព្រមទាំងកូនចៅ ក្រុមគ្រួសារ សាច់ញាតិជាច្រើនរូបទៀត ជួបជុំគ្នារៀបចំពិធីរាប់បាត្រ និងបង្សុកូលតាមបែបព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ក្រោមបរិយាកាសរីករាយជ្រះថ្លានៃពិធីបង្សុកូលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិក៏បានបូជាទៀន ធូប និងផ្កាភ្ញីថ្វាយព្រះរតនត្រ័យក្នុងព្រះពុទ្ធសាសនា និងបាននាំយកនូវគ្រឿងទេយ្យវត្ថុ និងបច្ច័យវេរប្រគេនចំពោះព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន៧វត្ត រួមមាន វត្តដើមជ្រៃ វត្តដើមអំពិល វត្តនាគវ័ន (ហៅវត្តភូមិ៥) វត្តអម្ពវ័ន វត្តជីនីក វត្តកណ្ដាល និងសុពណ៌កាលី ព្រមទាំងបានរាប់បាត្រព្រះសង្ឃ៧អង្គដែលនិមន្តមកពីវត្តចំនួន៧នេះផងដែរ។ កាលណាវេរប្រគេនទេយ្យវត្ថុទាំងអម្បាលម៉ានរួចហើយ ព្រះសង្ឃក៏បានសូត្រធម៌ឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងបានចម្រើនព្រះបរិត្តប្រោសព្រំសព្វសាធុការជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិនាឱកាសនោះផងដែរ។
គួរបញ្ជាក់ថា គ្រឿងទេយ្យវត្ថុ និងបច្ច័យដែលបានប្រគេនថ្វាយព្រះសង្ឃនៃវត្តនីមួយៗ រួមមាន៖
១៖ ស្លាដក ចំនួន១ឈុត
២៖ ទឹកបរិសុទ្ធ ចំនួន៤កេស
៣៖ ទឹកក្រូច ចំនួន៤កេស
៤៖ ទឹកគូលែន ចំនួន២កេស
៥៖ ទឹកត្រឡាច ចំនួន២កេស
៦៖ ទឹកដោះគោខាប់ ចំនួន១កេស
៧៖ ទឹកអូវ៉ាន់ទីន ចំនួន២កេស
៨៖ មៀនកំប៉ុង ចំនួន១កេស
៩៖ មី ចំនួន៥កេស
១០៖ ត្រីខកំប៉ុង ចំនួន២កេស
១១៖ នំចិន ចំនួន១កេស
១២៖ នំថងងួន ចំនួន១កែវ
១៣៖ នំបារាំង ចំនួន១កែវ
១៤៖ នំភិន ចំនួន១កែវ
១៥៖ ស្ករស ចំនួន១០គីឡូក្រាម
១៦៖ តែ ចំនួន៣កញ្ចប់
១៧៖ អង្ករ ១០០គីឡូក្រាម
១៨៖ ខ្ទឹមជ្រក់ ចំនួន១កែវ
១៩៖ បច្ច័យចំ នួន៥លានរៀល។
គួរបញ្ជាក់ផងដែរថា នាឱកាសពិធីបង្សុកូលតាមបែបព្រះពុទ្ធសាសនានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ក៏បានរៀបចំពិធីសែនផ្នូរដូនតា (ឆេងម៉េង) តាមបែបប្រពៃណីខ្មែរសែស្រឡាយចិននៅទីផ្នូរមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី និងផ្នូរដូនតាផ្សេងទៀតផងដែរ ដោយហេតុថា ថ្ងៃនេះក៏ជាថ្ងៃល្អសម្រាប់រៀបចំបុណ្យសែនផ្នូរដូនតា ឬឆេងម៉េងនេះ។
ថ្ងៃដដែលនេះ ក្រៅតែអំពីពិធីបង្សុកូល និងពិធីសែនផ្នូរដូនតានេះហើយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ក៏បានជូននូវទេយ្យទានមានបច្ច័យ និងសម្ភារៈជាដើមដល់លោកតាអាចារ្យដែលបានចូលរួមក្នុងពិធីសូត្រមន្តបង្សុកូល ព្រមទាំងបានសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀតផងដែរ៕