រឿងប្លែកៗ! ជនជាតិចិន២នាក់ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដើរលក់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាក្លែងក្លាយ

ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដើរលក់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាក្លែងក្លាយ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ជនជាតិចិនទាំង២នាក់នេះ គឺម្នាក់ឈ្មោះ លី ជៀនសិន ហៅ ឡុង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ LIAO BAO YOU ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ A០៥ ផ្លូវលេខ១២ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដើមចមនៃការចាប់ខ្លួនជនជាតិចិន២នាក់បញ្ជូនទៅតុលាការនេះ តាមប្រភពព័ត៌មានត្រូវបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ សាវីម៉ិច តាមផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធក្នុងអំពើ ឆបោក (ដោយក្លែងបន្លំក្រវិលកំប៉ុងស្រាបៀរកម្ពុជា) តាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តំណាងសាខាចែកចាយក្រុមហ៊ុនស្រាបៀរកម្ពុជា បានរាយការណ៍ថា មានជនមួយក្រុមប្រមាណ៣នាក់ ជិះរថយន្ត១គ្រឿងម៉ាកព្រួស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AD.៥២៦៩ ទៅឈប់នៅចំណុចសាខាស្រាបៀរកម្ពុជា ខណ្ឌសែនសុខ យីហោ «មួយស៊ាំង» ហើយក៏មានម្នាក់បានយកក្រវិលកំប៉ុងស្រាបៀរកម្ពុជាមួយកេសទៅលក់ឲ្យដេប៉ូនោះ ក្នុង១ក្រវិលតម្លៃ១៥០០រៀល ។ ប៉ុន្តែដោយមានការសង្ស័យ ម្ចាស់ដេប៉ូក៏បានពិនិត្យទៅលើក្រវិលកំប៉ុងទាំងនោះ ទើបដឹងថា សុទ្ធតែជាក្រវិលកំប៉ុងក្លែងក្លាយ ។
បន្ទាប់មកនៅថ្ងៃទី១៦ ខែមីនា ស្រាប់តែបក្សពួកក្រុមដដែល បានយកក្រវិលកំប៉ុងស្រាបៀរកម្ពុជា ដែលអះអាងថាត្រូវរង្វាន់ យកទៅដូរនៅដេប៉ូនោះទៀត ។ លុះកាន់តែសង្ស័យថែមទៀត នៅថ្ងៃទី៣០ ខែមីនា ម្ចាស់ដេប៉ូស្រាបៀរកម្ពុជា សាខាក្រុងព្រៃវែង ខេត្តព្រៃវែង ក៏បានរាយការណ៍ថា មានជនមួយក្រុមបានជិះរថយន្តយកក្រវិលស្រាបៀរកម្ពុជាមួយកេស (រាប់ពាន់ក្រវិល) ទៅលក់ឲ្យ ប៉ុន្តែមិនត្រូវបានម្ចាស់ដេប៉ូទិញទេ ព្រោះជាក្រវិលកំប៉ុងក្លែងក្លាយទាំងអស់ និងបានរាយការណ៍ទៅខាងក្រុមហ៊ុន រហូតឈានដល់ការតាមចាប់ខ្លួនជនសង្ស័យជាជនជាតិចិនទាំង២នាក់នេះតែម្តងទៅ ៕

អត្ថបទដែលជាប់ទាក់ទង