សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យពង្រឹងការគ្រប់គ្រងជនបរទេស និងចាប់បណ្ដេញចេញភ្លាមគ្រប់សញ្ជាតិទាំងអស់ ក្នុងករណី…..

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអនុវត្តដោយជោគជ័យលើការងារដកហូតឯកសារខុសច្បាប់ដែលកាន់កាប់ដោយមិនប្រក្រតីពីជនបរទេស ដូច្នេះការស្នាក់នៅដោយខុសច្បាប់មិនត្រូវឲ្យកើតមានឡើងវិញនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ត្រូវមានវិធានការម៉ឺងម៉ាត់ជាប់ជាប្រចាំ ហើយមិនត្រូវទុកឲ្យមានអ្នកដែលលួចចូលមករស់នៅមិនស្របច្បាប់ នៅក្នុងប្រទេសកម្ពុជាយើង។ នេះជាបញ្ហាសំខាន់ណាស់ ដែលកន្លងទៅយើងបានបើកយុទ្ធនាការដោះស្រាយបញ្ហានេះ ចឹងយើងសន្មត់ថា អ្នកដែលចូលមកគ្មានក្រដាសស្នាម គឺខុសច្បាប់។ បើខុសច្បាប់ យើងត្រូវចាប់បណ្ដេញចេញតាមច្បាប់កម្ពុជា»។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ថា មន្ដ្រីទាំងអស់មិនត្រូវឃុបឃិតជាមួយជនអន្ដោប្រវេសន៍ខុសច្បាប់ទាំងអស់នោះទេ ហើយត្រូវអនុវត្តស្មើៗគ្នាគ្រប់ជនជាតិទាំងអស់ ពោលឲ្យតែខុសច្បាប់ គឺត្រូវអនុវត្តច្បាប់តែមួយដូចៗគ្នា។ បន្ថែមពីនេះ សម្ដេចក៏បានណែនាំឲ្យមន្ដ្រីទាំងអស់ មិនត្រូវទុកបញ្ហានេះឲ្យនៅគរ រហូតនាំឲ្យមានផលលំបាកក្នុងការដោះស្រាយនោះទេ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមសមត្ថកិច្ចនៅតាមព្រំដែន ស្នងការនគរបាលតាមព្រំដែន អធិការ ប៉ុស្ដិ៍នគរបាលតាមព្រំដែន ត្រូវក្ដាប់គោលការណ៍នេះឲ្យជាប់ ដើម្បីយើងដឹងថា នៅក្នុងមូលដ្ឋានរបស់យើង មានជនបរទេសប៉ុន្មាននាក់ ដែលរស់នៅស្របច្បាប់ ហើយបើមានមិនស្របច្បាប់ត្រូវតែដោះស្រាយតាមវិធានការបណ្ដេញពីប្រទេសកម្ពុជា តាមនីតិវិធីជាធរមាន»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវក្ដីសប្បាយរីករាយ នៅពេលដែលជនបរទេសទទួលបានប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ ហើយអស់សុពលភាពគាត់បានមកបន្ដសុពលភាពឡើងវិញ ក្នុងចំណោមប្រមាណ៩ពាន់នាក់ បានមកស្នើសុំពន្យាការស្នាក់នៅបានជាង៧ពាន់នាក់។ សម្ដេចគូសបញ្ជាក់ថា ក្នុងករណីអ្នកដែលទទួលបានប័ណ្ណស្នាក់នៅ ហើយអស់សុពលភាព មិនមកបន្ដ គឺស្មើនឹងរស់នៅដោយខុសច្បាប់ដូចគ្នា ដូច្នេះត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដូចជាបណ្ដេញចេញជាដើម។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន្ត ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) យុទ្ធនាការជំរឿនស្ថិតិ និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីមានចំនួន ២៨,៩៤៥គ្រួសារ មនុស្សចំនួន៨៩,៧៨៦នាក់។
បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដើម្បីគ្រប់គ្រងក្រសួងមហាផ្ទៃ បានផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើង ចំនួន៦៥,១៦៨នាក់ ជាមួយនោះ បានផ្តល់បណ្ណបន្តសុពលភាពដែលមានរយៈពេល០២ឆ្នាំម្ដង សរុបចំនួន១៩,៥៦១បណ្ណ ក្នុងនោះបានបន្តសុពលភាពលើកទី១ ចំនួន១៥,៩៣៣នាក់, លើកទី២ ចំនួន ៣,៥៦៧នាក់, លើកទី៣ ចំនួន៥២នាក់ និងលើកទី៤ ចំនួន០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង