រឿងអាស្រូវពុករលួយរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល ត្រូវបានលាតត្រដាង
កណ្តាល ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល និងរឿងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដកមន្ត្រីចំនួន ៥រូប ដោយក្នុងនោះមានអ្នកខ្លះពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរឿងពុករលួយ និងអ្នកខ្លះមិនពាក់ព័ន្ធនោះ គឺមន្ត្រីនឹងដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យបើកការស៊ើបអង្កេត ស្រាវជ្រាវនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល។
កន្លងមករឿងអាស្រូវពូករលួយរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល មានឥទ្ធិពលកាន់តែខ្លាំងក្លា ពង្រឹងបណ្ដាញពុករលួយកាន់តែរឹងមាំ ហើយសូម្បីតែមន្រ្តីនៅក្នុងអង្គភាពសាខាពន្ធដារខេត្តកណ្ដាល ក៏ទម្លាយរឿងអាស្រូវពុករលួយរបស់លោក នុត វុត្ថា និងបក្ខពួកដែរ។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល។
កន្លងមកប្រជាពលរដ្ឋដែលទៅបង់ពន្ធដីធ្លីអចលនទ្រព្យ ផ្ទេរកម្មសិទ្ធិដីធ្លី និងបង់ពន្ធលើអាជីវកម្មផ្សេងៗ នៅស្នាក់ការសាខាពន្ធដារខេត្តកណ្ដាល បានលាតត្រដាងច្បាស់ៗពីវិធីគាបយកលុយក្រៅផ្លូវការពីសំណាក់មន្រ្តីសាខាពន្ធដារខេត្តកណ្ដាល ក្រោមការគ្រប់គ្រងរបស់លោក នុត វុត្ថា។ ប្រជាពលរដ្ឋត្អូញត្អែរអំពីភាពយឺតយ៉ាវក្នុងការបំពេញការងាររបស់មន្រ្តីសាខាពន្ធដារខេត្តកណ្ដាល ដែលជាវិធីគាបយកលុយលើតុក្រោមតុពីប្រជាពលរដ្ឋដែលទៅបង់ពន្ធ ក៏ដូចជាទៅទទួលសេវាផ្សេងៗ។ ទោះជាយ៉ាងណាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក នុត វុត្ថា និងមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ឥឡួវនេះមន្រ្តីក្រោមឱវាទរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល បានលាតត្រដាងរឿងអាស្រូវចៅហ្វាយនាយរបស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងចំណូលមានភាពមិនប្រក្រតី និងករណីប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមពេញបន្ទុក។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មិនគួរបណ្ដែតបណ្ដោយឲ្យលោក នុត វុត្ថា និងមន្រ្តីជំនិតៗធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។ ដោយហេតុថាចាប់តាំងពីអំឡុងឆ្នាំ2018 រហូតមកដល់ពេលនេះរឿងអាស្រូវ និងអំពើពុករលួយរបស់លោក នុត វុត្ថា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ហើយសូម្បីតែមន្រ្តីក្រោមឱវាទក៏បើកកកាយអំពើពុករលួយរបស់លោក នុត វុត្ថា ដែរ៕