មន្រ្តីយោធាមួយក្រុមត្រឡប់មកពីយាមចេតិយវិញ ស្រាប់តែត្រូវក្រុមយុវជន កំពុងអង្គុយផឹកស៊ីកាប់ជិត១០កាំបិត បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោះ យកទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ ៖ កាលពីម៉ោង១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅក្នុងបុរីសុខសាន្ត ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនបានបញ្ជាក់ឈ្មោះនោះទេ គឺគ្រាន់តែដឹងថា ជាមន្រ្តីយោធានៅកងពលតូចលេខ៧០ ដែលស្ថិតនៅភូមិ-ឃុំកើតហេតុ។

នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីយាមចេតិយនៅជិតវិទ្យាល័យជម្ពូវ័ន ដោយសារមេរបស់គាត់ជិតមកបង្សុកូលក៏បានឱ្យពួកគាត់មកយាមនៅទីតាំងចេតិយនោះ លុះពេលគាត់ចេញពីកន្លែងយាមវិញ គាត់ក៏បានជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ដើម្បីទៅទិញអីហូប។ លុះពេលបើកម៉ូតូមកដល់ចំណុចកើតហេតុក៏បានជិះកាត់វង់ផឹកស៊ី ស្រាប់តែត្រូវក្រុមជនដៃដល់មួយក្រុមស្រែកហៅគាត់ឱ្យឈប់ នៅពេលនោះក្រុមជនរងគ្រោះក៏បានឈប់ម៉ូតូ ដើម្បីសួរនាំ ដោយជនរងគ្រោះបាននិយាយថា មានការអ្វីប្អូនៗ? ចំណែកបក្សពួកជនបង្កបាននិយាយវិញថា ម៉េចបានជិះម៉ូតូឆាបសង្សារអញ? ហើយជនរងគ្រោះបាននិយាយប្រាប់ថា គាត់ជិះគេចជង្ហុកទេ មិនបានជិះឆាបសង្សារប្អូនឯង ឯណា។ នៅពេលនោះជនដៃដល់ម្នាក់បានចេញពីក្នុងផ្ទះ ដោយមានកាំបិតបុ័ងតោ២ដើមកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនកាំបិត ដោយត្រូចំផ្នែកក្បាល ដៃនិងត្រចៀកជាច្រើនកាំបិតបណ្តាលឱ្យឈាមហូរស្រោចពេញខ្លួន ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមការងារ និងក្រុមគ្រួសារនាំយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យឯកជនមួយនៅម្តុំជម្ពូវ័ន។
ក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីកំណត់មុខសញ្ញា និងចាត់ការតាមនីតិវិធីបន្ត ចំណែកជនបង្កជាម្ចាស់ផ្ទះបានបិទទ្វារចូលដេកបាត់៕

 

អត្ថបទដែលជាប់ទាក់ទង