ក្រោយពីមានការចោទប្រកាន់ មកលើថ្នាក់ដឹកនាំពេទ្យ ខេត្តស្ទឹងត្រែង លើករណីស្ត្រីបុគ្គលិកពេទ្យម្នាក់ស្លាប់ ហើយគ្មានរថយន្តពេទ្យរដ្ឋ ដឹកសពយកមកផ្ទះ មន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង ក៏បានបង្កើតក្រុមការងារ ចុះស្រាវជ្រាវ ការចោទប្រកាន់នេះ
ស្ទឹងត្រែង: នៅថ្ងៃទី៧ ខែ មេសាឆ្នាំ ២០២២ លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ករណីចោទប្រកាន់របស់ក្រុមគ្រួសារ ដែលជាស្ត្រី បម្រើការងារ នៃមណ្ឌលសុខភាព ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បានស្លាប់ ហើយគ្មានរថយន្តដឹកសព មកធ្វើបុណ្យនៅខេត្តស្ទឹងត្រែង។
ក្រោយពីមានការចោទប្រកាន់ មកលើថ្នាក់ដឹកនាំពេទ្យ ខេត្តស្ទឹងត្រែង លើករណីស្ត្រីបុគ្គលិកពេទ្យម្នាក់ស្លាប់ ហើយគ្មានរថយន្តពេទ្យរដ្ឋ ដឹកសពយកមកផ្ទះ ដើម្បីធ្វើបុណ្យនោះ មន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង ក៏បានបង្កើតក្រុមការងារ ចុះស្រាវជ្រាវ ការចោទប្រកាន់នេះ ។
ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ” ខ្ញុំបានឲ្យក្រុមការងារ ចុះស្រាវជ្រាវ លើករណី នេះហើយ ដើម្បីរកការពិត បើពិតដូចផេកនេះចុះ យើងនឹងមានវិធានការ តាមច្បាប់ ចំពោះអ្នកទទួលខុសត្រូវ អង្គភាពនោះ ” ។
រឿងរ៉ាវនេះ មានស្ត្រីម្នាក់ ដែលត្រូវជាសាច់ញាតិ គ្រួសារសព មាន account facebook ឈ្មោះ Leang Chan thy សរសេររៀបរាប់ថា ” មីងខ្ញុំធ្វើការនៅ មន្ទីពេទ្យ បង្អែក ខេត្តស្ទឹងត្រែង ២៥ ឆ្នាំ រហូតទៅបំពេញការងា នៅកញ្ចាញគោក (មណ្ឌលសុខភាពឃុំស្រែសំបូរ) ស្លាប់នៅទីនោះ រកឡានដឹកសព មកផ្ទះវិញមិនមាន។ នេះគឺបុគ្គលិកពេទ្យផង ចុះទំរាំប្រជាជនសាមញ្ញសង្ឃឹមអីទៅ។ មីងរបស់ខ្ញុំ បានស្លាប់ដោយ សារសម្ពាធឈាមឡើងខ្ពស់ ទៅបម្រើការងារ ជាអនុប្រធានមណ្ឌលសុខភាព ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ម្ដាយមីង បានស្លាប់តាំងពីម៉ោង ៥:៣០ ដល់ម៉ោងជិត ៩ យប់ថ្ងៃទី ៦ ខែមេសា មិនមានរថយន្តរបស់មន្ទីរពេទ្យ ដើម្បីដឹកសព យកមកធ្វើបុណ្យនៅផ្ទះ ឯទីរួមខេត្ត ស្ទឹងត្រែង។ ពេលគាត់សួរទៅខាងគ្រូពេទ្យខេត្ត បែរជាឆ្លើយថា រថយន្តសម្រាប់ដឹកមនុស្ស មិនមែនសម្រាប់ដឹកសពទេ។ ពេលឮសំដីបែបនេះ ទើបធ្វើឱ្យមានការប្រតិកម្ម ហើយក្រុម គ្រួសារ ក៏សម្រេចចិត្តយករថយន្តផ្ទាល់ខ្លួន ដឹកសពពីស្រុកសៀមប៉ាង ដែលមានចម្ងាយឆ្ងាយ មកធ្វើបុណ្យនៅផ្ទះ នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ” ។
លោក ជួន សំនៀង ប្រធានមណ្ឌលសុខភាព ឃុំស្រែសំបូរ ស្រុកសៀមប៉ាង បាននិយាយថា ពាក់ព័ន្ធករណី ស្ត្រីបម្រើការងារ នៅក្នុងមណ្ឌលសុខសុខភាពស្លាប់នេះ ខាងគ្រូពេទ្យ បានខំប្រឹងប្រែងណាស់ មិនដូចការចោទប្រកាន់នោះទេ។ មកពីខាងសាច់ញាតិ មិនទំនាក់ ទំនងទៅលោកផ្ទាល់ ហើយចង់ដឹកសព ទៅផ្ទះភ្លាមៗ។
លោក ជួន សំនៀង បាននិយាយថា គ្រូពេទ្យ គេមិនអាចដឹកសពទៅភ្លាមបានទេ គឺត្រូវរង់ចាំ ទំនាក់ទំនង រករថយន្តពេទ្យ ជាមុនសិន។ ម្យ៉ាងទៀត អ្នកដែលស្គាល់ ធ្លាប់បម្រើការងារ នៅមណ្ឌលសុខភាព រៀបចំជូនដំណើរសព ជាលើកចុងក្រោយផង។ ខាងក្រុមគ្រួសារដែលទៅពីទីរួមខេត្ត ទៅវិញទេ ដែលចង់ដឹកសពទៅភ្លាមៗនោះ។ ក្រោយមក ក៏បានបង្ហោះ សារ តាមបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ដល់គ្រូពេទ្យ។
ក្រោយពីមានករណីនេះ ក្រុមការងាររបស់ មន្ទីរសុខាភិបាលខេត្ត កំពុងចុះស៊ើបអង្កេត ស្រាវជ្រាវ រកការពិត ចំពោះក្រុមគ្រួសារសព ចោទប្រកាន់ មកកាន់ថ្នាក់ដឹកនាំពេទ្យ។
ទាក់ទងករណីនេះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង បានលើកឡើងថា ស្នើសុំសមត្ថកិច្ច ដែលពាក់ព័ន្ធ ពិនិត្យ និងចាត់ចែងដោះស្រាយផង បើសិនជាមានអីចឹង មែន៕