ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងមូលដ្ឋានមានឈ្មោះ យ៉ាន់ និងឈ្មោះ អុន បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង យ៉ាងរលូន ដោយគ្មានសមត្ថកិច្ចបង្រ្កាបឡើយ
ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់ឈ្មោះ យ៉ាន់ និងឈ្មោះ អុន មានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ។ ប្រជាពលរដ្ឋសង្ស័យថាមានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទើបឈ្មោះ យ៉ាន់ និងឈ្មោះ អុន អាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងពេញទំហឹងដោយគ្មានការបង្ក្រាប។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិតាសួស ឃុំដូង ស្រុករមាសហែក ជាបន្ទាន់។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិតាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គល2នាក់ បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង យ៉ាងរលូនដោយគ្មានមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថាឈ្មោះ យ៉ាន់ ជាមន្រ្តីយោធាវរការពារព្រំដែនលេខ201 ប្រចាំតំបន់ត្រឡោកបែក និងឈ្មោះ អុន សហការគ្នាបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិតាសួស យ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ រីឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូង ក៏ដូចជាអធិការនគរបាលស្រុករមាសហែក និងអភិបាលស្រុករមាសហែក មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខក្នុងមូលដ្ឋាននោះទេ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្មរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ផងដែរ។ ដោយហេតុថាបច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅស្រុករមាសហែក និងនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយលោក ម៉ែន វិបុល និងលោក កឹង ឃន មិនចាត់វិធានការបង្ក្រាបឲ្យបានទាន់េពលវេលានោះទេ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះល្បែងស៊ីសងជាដើមហេតុបណ្ដាលឲ្យកើតមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តស្វាយរៀង បែរជារក្សាភាពស្ងៀមស្ងាត់៕