គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកកាមរីធុនទេសចរណ៍មួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តធុនធំសណ្តោងរ៉ឺម៉ក បណ្តាលឱ្យស្លាប់បុរសម្នាក់

ត្បូងឃ្មុំ: នៅម៉ោងជាង១១ យប់ថ្ងៃទី៩ មេសា ឆ្នំា២០២២នេះ រថយន្តម៉ាកកាមរីធុនទេសចរណ៍មួយគ្រឿង បានបើកបរជ្រុលចង្កូតទៅបុករថយន្តធុនធំសណ្តោងរឺម៉ក បណ្តាលឱ្យស្លាប់បុរសម្នាក់ជាអ្នកបើកបរខាងរថយន្តកាមរី នៅនឹងកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៧ ឋិតក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ។

បុរសជាជនរងគ្រោះវ័យ ៥៤ឆ្នាំ ឈ្មោះ ណែប បូនិត មានទីលំនៅភូមិព្រៃស្រឡៅ ឃុំអំពិលតាពក ស្រុកអូរាំងឪ ជាអ្នកបើកបររថយន្តម៉ាកកាមរី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 2M-8522 បានបើកបររ៉េចង្កូតទៅបុកជាមួយរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1179 សឺមីរឺម៉កពណ៌ខៀវលេខត្បូងឃ្មុំ 4A-0921 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានគេចខ្លួន បើកបរក្នុងទិសដៅផ្ទុយគ្នា។
ក្រោយពីការពិនិត្យកន្លែងកើតហេតុ និងសាកសួរសាក្សី ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ផ្តើមចេញពីខាងភាគីតៃកុងរថយន្តកាមរី បើកបរក្នុងភាពស្រវឹងស្រា បាត់ម្ចាស់ការ បណ្តាលឱ្យទៅបុករថយន្តសណ្តោងរឺម៉ក កៀបស្លាប់ក្នុងរថយន្តតែម្តង។ ចំណែកវត្ថុតាងជារថយន្តទាំងពីរគ្រឿង ត្រូវបានខាងមន្ត្រីនគរបាលជំនាញដកហូតយកទៅរក្សាទុក ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង