ចាប់ពីផ្លូវវេងស្រេងដល់កំបូល ដែលបែកធ្លាយដោយសារការដ្ឋានបុករណ្ដៅប៉ះ

(ភ្នំពេញ)៖ បើតាមការបញ្ជាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការធ្លាយបំពង់មេនាំទឹកនេះកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែមេសា ដោយក្នុងនោះការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្តៅប៉ះបំពង់មេនាំទឹកស្អាតទំហំ៨០០មីលីម៉ែត្រ ក៏បណ្ដាលឱ្យលេចធ្លាយទឹកយ៉ាងខ្លាំង។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីការជួសជុលបំពង់មេនាំទឹកស្អាត ចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល ដោយសារការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ បុកដែកការពាររណ្តៅក៏ទៅប៉ះធ្លាយបំពង់មេនាំទឹកនោះ។
បន្ទាប់ពីកើតមានបញ្ហានេះភ្លាម ក្រុមការងារជំនាញបាននិងកំពុងជួសជុលជាបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាជនដែលរស់នៅចំណុចទីតាំងខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង