ទីតាំងសង្វៀនជល់មាន់ ដ៏ធំ នៅតែបន្តបើកដំណើរការ សមត្ថកិច្ចមិនបង្ក្រាប

ខេត្តកំពត៖ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ថែមទាំងហ៊ោរកញ្ជ្រៀវគឹកកងរំពង ពេញមូលដ្ឋានក្រុងកំពត បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។
ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅតែបន្តបើកលេងយ៉ាង អាណាធិបតេយ្យ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបែរជាមិនបង្ក្រាប។
ពាក់ព័ន្ធទៅនឹងករណីបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ មហាជនជាច្រើនបានលើកឡើងចំៗថា «មិនមែនអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវអំពើមន្តខ្មៅ របស់មេបនល្បែងខាងលើហើយ ទើបមិនហ៊ានបង្ក្រាប»។
ទាក់ទិនទៅនឹងករណីនេះ ពលរដ្ឋបានលើកឡើងនិងរិះគន់ដល់លោក ហោ វណ្ណា អធិការក្រុងកំពត មិនគួរសម្ងំស្ងៀមដូចមិនដឹងរឿងអ្វីនោះទេ ព្រោះក្នុងនាមជាសមត្ថកិច្ចគួរតែបង្ក្រាបទប់ស្កាត់បទល្មើស មិនមែនអភិរក្សនោះឡើយ។ អធិការក្រុងកំពត លោកហោ វណ្ណា រូបនេះកំពុងតែអនុវត្តការងារ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយសារតែសកម្មភាព និងទង្វើអសមត្ថភាព របស់លោក ហោ វណ្ណា អធិការក្រុងកំពត ធ្វើឲ្យពលរដ្ឋសង្ស័យ នឹងរិះគន់ចំៗថា ប្រហែលជាលោកអធិការរូបនេះ ទទួលបានលាភសក្ការៈពីមេបនល្បែងទាំងនោះហើយទើបមិនព្រមបង្ក្រាប។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផងទាន។
ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក ហោ វណ្ណា អធិការក្រុងកំពត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង