បំពង់មេនាំទឹក ចាប់ពីផ្លូវវេងស្រេងដល់កំបូល ដែលបែកធ្លាយរួចរាល់ហើយ សម្ពាធទឹកអាចល្អប្រសើរវិញ នៅពេលរសៀល
(ភ្នំពេញ)៖ នៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ខ្លួនបានជួសជុលបំពង់មេនាំទឹកស្អាត ចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល ដែលត្រូវបានការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ បុកដែកការពាររណ្តៅប៉ះធ្លាយបំពង់មេនាំទឹកនោះ រួចរាល់ហើយ។
បន្ទាប់ពីជួលជុលបំពង់មេនាំទឹករួចនៅព្រឹកនេះ សម្ពាធទឹកអាចល្អប្រសើរឡើងវិញ នៅរសៀលថ្ងៃទី១១ ខែមេសានេះ។
សូមជម្រាបថា នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីការជួសជុលបំពង់មេនាំទឹកស្អាត ចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល ដោយសារការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ បុកដែកការពាររណ្តៅក៏ទៅប៉ះធ្លាយបំពង់មេនាំទឹក បណ្ដាលឱ្យលេចធ្លាយទឹកយ៉ាងខ្លាំង។
ក្រុមការងារជំនាញបានជួសជុលជាបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល៕