សំរេចឃុំខ្លួនយុវជនម្នាក់ ករណីឃាតកម្ម កាប់សម្លាប់បងប្រុសខ្លួនឯងបង្កើត នៅបាត់ដំបង

បាត់ដំបង ៖ នាថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០២២ នេះ យុវជនកំណាចម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបាត់ដំបង បញ្ជូនខ្លួនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរងចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាបើពាក់ព័ន្ធនឹងការ វាយសម្លាប់បងប្រុសបង្កើត ដោយសារ ជម្លោះពាក្យសម្តីនឹងគ្នា ដោយ ទាញចបកាប់វាយទៅជនរងគ្រោះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ សេង គន្ធា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកសិករ ( ត្រូវជាប្អូនប្រុស )។ ចំណែកឯជនរងគ្រោះ មានឈ្មោះ សេង ភក្ត្រា អាយុ ៣២ឆ្នាំ មុខរបរ កសិករ (ត្រូវជាបងប្រុសបង្កើត ) ។ ពួកគេទាំង២នាក់ មានទីលំនៅ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនត្រូវចោទឈ្មោះ សេង គន្ធា ត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ: ឃាតកម្ម តាមបញ្ញាត្តិ មាត្រា ១៩៩ នៃ ព្រហ្មទណ្ឌ។ និង ប្រឈមនឹងការជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។ សមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ បន្ទាប់ពីបានសម្លាប់ជនរងគ្រោះ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង