លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ
(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាព នៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។
លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏ជាការមើលងាយជាតិខ្មែរផងដែរ។
បើតាម លោក ហ៊ុន ម៉ាណែត, ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបាន របស់តួអង្គលោកគ្រូ អ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឲ្យសិស្សម្នាក់ៗ នូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។ ជាក់ស្តែងសព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។
លោក ហ៊ុន ម៉ាណែត បានបន្ដថា គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះកត្តាមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។ បម្រើឲ្យទស្សនវិស័យនេះ ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស គឺកត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ។
លោកអះអាងថា ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ លោកយល់ថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ដូច្នេះ សម្រាប់អនាគតទៅមុខទៀត គឺឆន្ទៈ ការប្តេជ្ញាចិត្ត និងគោលនយោបាយឥតងាករេរបស់គណបក្ស ក៏នៅបន្តផ្តោតលើការបម្រើប្រជាពលរដ្ឋ, ការអភិវឌ្ឍប្រទេស, ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននីតិរដ្ឋ និងគោលការណ៍សមធម៌, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពជាតិ។
បន្ថែមពីនេះ គឺការបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ឲ្យមានភាពល្អប្រសើរឡើងជាលំដាប់ សំដៅខិតខំធ្វើយ៉ាងណាឲ្យលោកគ្រូ អ្នកគ្រូមានលំនឹងស្ថិរភាពផ្នែកសេដ្ឋកិច្ច ជាការបង្កលក្ខណៈដល់ការសិក្សាស្រាវជ្រាវអភិវឌ្ឍសមត្ថភាព ដើម្បីបន្តចូលរួមពង្រឹងប្រព័ន្ធអប់រំកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពជឿនលឿន ធានាបាននូវឱកាស នៃការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព៕