ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ករណីលួចកាត់ខ្សែក (មិនបានសម្រេច) ទៅលើក្មេងស្រីរងគ្រោះម្នាក់
ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ នៅចំណុចផ្សារកំពង់ចកស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។ ស្ត្រីសង្ស័យមានឈ្មោះ ពៅ វណ្ណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពែតចាស់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានខ្សែកប្លាទីនទម្ងន់២ជីកន្លះមួយខ្សែនិងកូនកន្ត្រៃចំនួន០១ ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះណុយ ផល្លីកា អាយុ៤ឆ្នាំ រស់នៅភូមិពោនឃុំសង្កែ ស្រុករំដួល ។
មុនកើតហេតុគេឃើញស្ត្រីម្នាក់បានដឹកដៃកូនស្រីចូលទិញអីវ៉ាន់នៅផ្សារកំពង់ចកក្រោយមកស្រាប់តែលេចមុខស្ត្រីសង្ស័យដើរទៅក្បែរក្មេងស្រី ហើយក៏បានធ្វើសកម្មភាពយកកន្រ្តៃទៅកាត់ខ្សែក ប៉ុន្តែដោយម្ដាយក្មេងស្រីក្រឡេកឃើញទាន់ ក៏មានការភ្ញាក់ផ្អើលនិងបានស្រែកឆោឡោនាំគ្នាដេញឃាត់ស្ត្រីសង្ស័យបានបញ្ជូនឱ្យសមត្ថកិច្ចតែម្ដង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕