បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារបើកម៉ូតូ ឌុបកូន ក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏បុកទ្រូងពុះចែកផ្លូវ បណ្តាលឱ្យកូនស្លាប់
កំពង់ស្ពឺៈ ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារបើកម៉ូតូ ឌុបកូន ក្នុងល្បឿនលឿន ហើយចាប់ហ្វ្រាំងមិនទាន់ក៏បុកទ្រូងពុះចែកផ្លូវ បណ្តាលឱ្យកូនស្លាប់ ។
ម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ស គ្មានពាក់ ស្លាកលេខ អ្នកបើកបរ ឈ្មោះ ឆិល គាថា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិតាព្រះ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ឌុបឈ្មោះ ធីម ផាន់ណា អាយុ ៦ឆ្នាំ (ត្រូវជាកូនប្រុស) បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុច កើតហេតុខាងលើ បានបុកទ្រូងផ្លូវ បណ្តាលឲ្យក្មេងប្រុស រងគ្រោះដល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយកើតហេតុ មន្ត្រីជំនាញ បានហៅរថយន្តដឹកអ្នក របួស ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកសពកុមារា ត្រូវបានក្រុមគ្រួសារ ដឹកយក ទៅធ្វើបុណ្យ តាមប្រពៃណី ។ រីឯម៉ូតូ បានប្រគល់ ជូនក្រុមគ្រួសារវិញ៕