ឃាតកម្ម! យុវជនម្នាក់ ត្រូវបានជនសង្ស័យម្នាក់ យកឈើជ្រុង លួចវាយចំកញ្ចឹង ក បណ្ដាលឲ្យបាក់ក ស្លាប់

កណ្តាល៖ ចំថ្ងៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ យុវជនម្នាក់ត្រូវបានយុវជនម្នាក់ទៀតដែលធ្លាប់លេងបាល់ជាមួយគ្នាយកឈើជ្រុងលួចវាយពីក្រោយចំកញ្ចឹងកបានឲ្យបាក់កដួលស្លាប់យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងវត្តអន្លង់ស្លែង ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មុនពេលកើតហេតុ យុវជនម្នាក់បានសុំឪពុកម្ដាយទៅដើរលេងជាមួយមិត្តភក្កិនៅថ្ងៃចូលឆ្នាំទី២ ក៏បានធ្វើដំណើរទៅលេងនៅឯវត្តអន្លង់ស្លែង លុះពេលធ្វើដំណើរមកដល់នៅកន្លែងកើតហេតុ ក៏បានចុះពីលើម៉ូតូដើរលេងជាមួយនឹងមិត្តភក្កិ ក្នុងបរិវេណវត្ត ហើយយុវជនរូបនោះកំពុងតែដើរ ក៏ស្រាប់តែមានយុវជនម្នាក់បានទាញយកដំបងឈើជ្រុងមួយ មកវាយចំកញ្ចឹងកពីក្រោយមួយទំហឹងបណ្ដាលឲ្យយុវជនរូបនោះបាក់កស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងវត្តអន្លង់ស្លែង ភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ដោយតាមប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ឃាតករដែលវាយសម្លាប់យុវជនខាងលើ គឺជាអ្នកធ្លាប់ស្គាល់គ្នាធ្លាប់លេងបាល់ជាមួយនឹងជនរងគ្រោះ ដោយកាលពីមុនពេលចូលឆ្នាំ អ្នកទាំងពីរបានលេងបាល់ជាមួយគ្នា ហើយពេលនោះក៏បានឈ្លោះប្រកែកគ្នារឿងលេងបាល់ ហើយក៏បានបង្កជាហិង្សាបន្តិចបន្តួចនៅព្រឹកថ្ងៃនោះផងដែរ ហើយអ្នកលេងជាមួយក៏បានឃាត់និងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង តែមិននឹកស្មានថា ជនដៃដល់នៅចងគំនុំ រហូតលួចវាយសម្លាប់ជនរងគ្រោះយ៉ាងអាណោចអាធ័មដូច្នេះសោះ។
ឃាតករត្រូវបានគេស្គាល់មានឈ្មោះ ហ៊ាន ម៉េងហាប់ អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលរីឯជនរងគ្រោះមានឈ្មោះ សំបូរ រតនា អាយុ២៤ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោយពេលកើតហេតុខាងជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕

អត្ថបទដែលជាប់ទាក់ទង