មនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត និងម៉ូតូ បុកគ្នា
កំពង់ឆ្នាំងៈ នៅ ថ្ងៃទី១៧ មេសា ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ ៨៨ និង ៨៩ ចំណុចខាងមុខហាងមីហឹរ ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
អ្នកបើកបររថយន្ត ម៉ាក ACTYON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ PP2.BQ.4865 ឈ្មោះ ពេជ្រ ពីសុទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ទូរស័ព្ទ វ័ន មានទីលំនៅ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកចេញពីហាងលក់មីហឹរ ពីទិសខាងកើត ទៅខាងលិចរួចបត់ឆ្វេង ស្របពេលគ្នា ជាមួយនឹងម៉ូតូម៉ាក ហុងដា MSX ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ម៉េត ណាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ដោយមានឌុបមនុស្សពីក្រោយម្នាក់ ឈ្មោះ សាំ សា ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅដូនខ្នារ បើកបរពីទិសខាងត្បូង ទៅខាងជើង បណ្តាលអោយឈ្មោះ ម៉េត ណាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ សាំ សា រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគបាលក្រុង ហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យ បង្អែកខេត្ត ដឹកយកអ្នករបួសទៅសង្គ្រោះបន្ទាន់ ដោយឡែក អ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់អោយទៅក្រុមគ្រួសារ។
ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីរថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន គ្រាដែលអ្នកបើកម៉ូតូ ហុងដា MSX បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ចំណុចផ្លូវខ្វែងទិសគ្នា ក៍ទៅបុករថយន្តពី ចំហៀង បណ្តាលអោយម៉ូតូ រងការខូចខាតទាំងស្រុង រថយន្តខូចខាត ផ្នែកមុខខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង បាននាំយករថយន្ត និងម៉ូតូ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធី ។
ដោយឡែក នៅវេលាម៉ោង ៩ យប់ ថ្ងៃដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្តាលអោយមនុស្ស ពីរនាក់ បានរងរបួសធ្ងន់ និងស្រាល ផងដែរ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកអ្នករបួស ទៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង នាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយបន្ត តាមនីតិវិធី៕