ក្នុងរយៈពេល០៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ០៧លើក ក្នុងខេត្តចំនួន៦

ភ្នំពេញ ៖ ក្នុងរយៈពេល០៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យ បានឆេះបំផ្លាញផ្ទះអស់ចំនួន ០៥ខ្នង តូបចំនួន០១ រ៉ូឡូខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ នៅទូទាំងប្រទេស ។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ករណីអគ្គិភ័យកើតឡើងសរុបចំនួន ០៧លើក នៅក្នុងភូមិសាស្ត្រ ៦ខេត្តផ្សេងៗគ្នា រួមមាន ៖
ទី១- ខេត្តព្រះវិហារ ចំនួន ០១លើក (មូលហេតុ ចរន្តអគ្គិសនី) រងរបួសមនុស្សប្រុសម្នាក់ និងឆេះផ្ទះអស់ ១ខ្នង នៅភូមិសាស្ត្រជីអោក ឃុំរមណីយ ស្រុករៀង ។
ទី២- ខេត្តកំពង់ចាម ចំនួន ០១លើក (ចរន្តអគ្គិសនី) គ្មានមនុស្សគ្រោះថ្នាក់ និងឆេះតូប ចំនួន០១ នៅ ភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ។
ទី៣- ខេត្តកំពង់ធំ ចំនួន ០១លើក (ភ្លើងចង្ក្រាន) ឆេះផ្ទះអស់ ០១ខ្នង នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍។
ទី៤- ខេត្តបាត់ដំបង ចំនួន ០១លើក (ចរន្តអគ្គិសនី) ឆេះផ្ទះអស់ចំនួន ១ខ្នង ក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
ទី៥- ខេត្តបាត់ដំបង ចំនួន ០១លើក (ភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង ក្នុងភូមិដើមដូង ឃុំមោង ស្រុកមោងឬស្សី ។
ទី៦- ខេត្តសៀមរាប ចំនួន ០១លើក (ភ្លើងសំរាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ដុំ ។ សូមបញ្ជាក់បន្ថែមពីមូលហេតុ នៃការឆេះផ្ដើមចេញពីការដុតសំរាមខាងក្រៅរបង ធ្លាក់ផ្កាភ្លើងមកប៉ះចំកន្លែងស្តុកខ្សែភ្លើងបង្កឲ្យមានអគ្គិភ័យតែម្តង កាលពីវេលាម៉ោង ១៣និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុន (ជ្រុងខាងត្បូង) ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
និងទី៧- ខេត្តត្បូងឃ្មុំ ចំនួន ០១លើក កំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះផ្ទះអស់ចំនួន ០១ខ្នង ។
គួរបញ្ជាក់ថា បើប្រៀបធៀបទៅនឹងរយៈពេលបីថ្ងៃដូចគ្នា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២១កន្លងទៅ ករណីគ្រោះថ្នាក់អគ្គិភ័យបានថយចុះ ចំនួន ០២លើក ៕

អត្ថបទដែលជាប់ទាក់ទង