ផ្ទុះបាតុកម្ម កម្មករោងចក្រកាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១

ភ្នំពេញ ៖ ក្រុមកម្មករមានការព្រួយបារម្ភថា នៅពេលថៅកែដឹកសម្ភារៈចេញអស់ហើយ នឹងបិទរោងចក្រនោះ ដោយមិនបានទូទាត់ប្រាក់អតីតភាពការងារ ឬមួយក៏ប្រាក់ឧបត្ថម្ភផ្សេងៗតាមច្បាប់ការងារ ។
នាថ្ងៃទី១៩ មេសា ឆ្នាំ២០២២ កម្មករោងចក្រកាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាំគ្នាតវ៉ាបិទផ្លូវវេងស្រេង ដោយសារថៅកែរោងចក្រលួចដឹកម៉ាស៊ីនដេរ និងសម្ភារផ្សេងៗចេញពីក្នុងរោងចក្រ ដោយមិនបានប្រជុំប្រាប់កម្មករ ឬតំណាងកម្មករឱ្យបានដឹងជាមុននោះទេ ។

កម្មករចាប់ផ្តើមមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ១៨ មេសា ឆ្នំា២០២២ រហូតមកដល់ព្រឹកថ្ងៃទី១៩ មេសានេះ ពួកគាត់ចាប់ផ្តើមនាំគ្នាបិទផ្លូវនៅមុខរោងចក្រ ដើម្បីធ្វើការតវ៉ាតែម្តង ។
ការបិទផ្លូវនេះ ដោយសារមានការសម្របសម្រួលពីអាជ្ញាធរខណ្ឌពោធិសែនជ័យដឹកនាំដោយអភិបាលរងប៉ាង លីដា ចុះទៅសម្រសបម្រួលជាមួយក្រុមកម្មករ ទើបក្រុមកម្មករបានបើកផ្លូវឡើងវិញហើយ ដោយធ្វើការដោះស្រាយគ្នានៅក្នុងរោងចក្រ ។
សូមបញ្ជាក់ថា កម្មករធ្វើការនៅរោងចក្រនេះ មានចំនួនជាង៣០០នាក់ កម្មករដែលធ្វើការបិទផ្លូវតវ៉ាមានចំនួនជាង២០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង