សមត្ថកិច្ចវាយខ្នោះប្រុសស្រី៦នាក់ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លឹបកំសាន្ត DOT
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ចំណុចក្លឹបកំសាន្តយីហោ «DOT» ផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានក្រុមជនសង្ស័យប្រុសស្រីមួយក្រុម បានចូលទៅផឹកស៊ី និងរាំលេងកំសាន្តនៅក្នុងក្លឹបកើតហេតុខាងលើ លុះពេលស្រវឹងរៀងៗខ្លួន ក៏ចេញមកក្រៅវិញ ហើយមិនដឹងថា តើក្រុមជនសង្ស័យនោះមានរឿងអ្វីនៅក្នុងក្លឹបនោះទេ? លុះពេលក្រុមជនសង្ស័យដើរមកដល់រថយន្តខ្លួនម៉ាក Landcruiser ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9328 ក៏បានដកកាំភ្លើងខ្លីមិនចាំម៉ាកបាញ់មេឃជាច្រើនគ្រា.ប់ (ចន្លោះពី៦ទៅ៧គ្រា.ប់) បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុគ្រប់ៗគ្នា។
ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន នាំមកសាកសួរនៅអធិកាដ្ឋាននគរបាលខណ្ឌសែនសុខ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ តែនៅក្នុងរថយន្ត ជនសង្ស័យមានកាតសម្គាល់ខ្លួន ដែលមានឈ្មោះ សុខ បានអឺន ឋានន្តរសក្ដិ ពលបាលត្រី កងឯកភាពកងពលតូចលេខ៧០ និងប័ណ្ណសម្គាល់អាវុធខ្លីសមូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀតផង ។ ហើយក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា តើជាករណីអ្វីអោយប្រាកដនៅឡើយទេ? ។
បន្ទាប់ពីបង្កហេតុរួច ជនសង្ស័យក៏បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះមកទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណតាមនីតិវិធីជំនាញ រួចក៏ត្រឡប់ទៅវិញអស់ទៅ ។ លុះដល់យប់កើតហេតុ គឺម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានថ្ងៃទី១៩ ខែមេសា ជនបង្កខាងលើ និងបក្សពួកប្រុសស្រីបានត្រឡប់មកផឹកស៊ីក្នុងក្លឹប កើតហេតុនោះម្តងទៀត ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួន០២នាក់ និងស្រីចំនួន០៤នាក់ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕