ឃាតកម្ម! ប្តីប្រើអំពើហិង្សាលើប្រពន្ធ រហូតដល់ស្លាប់ ក្នុងថ្លុកឈាម ហើយឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានឃើញសពកូន លើពំនូកចំបើង ក្បែរខ្ទមចាំស្រែ (ដោយសារតែភ្លើងប្រច័ណ្ឌ)
បន្ទាយមានជ័យៈ ករណីឃាតកម្ម មួយនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២២ ចន្លោះវេលាម៉ោង ២ ទៅ ៣ ទៀបភ្លឺ នៅខ្ទមស្រែ ត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នំា២០២២នេះថា ឃាតកម្ម បង្ករឡើងដោយឈ្មោះ ឈាក់ ដោះ អាយុ ៣២ ឆ្នាំ ត្រូវជាប្តី ។ បុរសនេះ បានប្រើអំពើហិង្សា វាយទៅលើប្រពន្ធ ឈ្មោះ យង់ ទី អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់។
ជនរងគ្រោះ បានមកស្នាក់នៅខ្ទមចាំស្រែ របស់ឪពុក ឈ្មោះ យ័ន យង់ អាយុ ៥១ ឆ្នាំ នៅចំណុចកន្លែងកើតហេតុ ខាងលើ ក្នុងគោលដៅ បំរុងបន្តទៅធ្វើការ នៅប្រទេសថៃ។
លុះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៣ រសៀល ទើបឪពុកត្រឡប់មកពី ក្នុងភូមិក្បាលទន្សោងវិញ ស្រាប់តែឃើញកូនស្រី ស្លាប់នៅខាងកើតខ្ទមស្រែ លើពំនូក ចំបើងតែម្តង។ ឯជនសង្ស័យ (កូនប្រសាប្រុស) បានរត់គេចខ្លួនបាត់ ក្រោយពីបង្កឃាតកម្ម ដោយចេតនានេះ។
កម្លាំងនគរបាល បានសហការបង្កើតគណៈកម្មការត្រួតពិនិត្យ កន្លែងកើតហេតុ និងពិនិត្យកោសល្យវិចយសាកសព ហើយបានចុះស៊ើបអង្កេតបឋម ដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវបន្ត រកចាប់ខ្លួនជនសង្ស័យ ។ ករណីនេះ ឪពុកជនរងគ្រោះ បានប្រាប់សមត្ថកិច្ច តាមការសន្និដ្ឋានរបស់ខ្លួនថាៈ ករណីឃាតកម្មនេះ អាចបណ្ដាលមកពីជម្លោះ ក្នុងគ្រួសារ ដោយសារតែភ្លើងប្រច័ណ្ឌ ៕