ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ
បន្ទាយមានជ័យៈ លោក វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៨០៧ បានដឹកនាំ បញ្ជាផ្ទាល់ ដើម្បីទប់ស្កាត់ ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ។
នៅកណ្តាលយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍អូរសាយ ដឹកនាំដោយលោក អនុសេនីយ៍ត្រី អ៊ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាសឹករងស្រុកថ្មពួក បានចេញល្បាត ទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន ពីរនាក់ (ស្រី១នាក់) បម្រុងលួច ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ នៅត្រង់ចំណុចគោលដៅ ស្តុកស្តោរ ស្ថិតនៅភូមិសាស្ត្រ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ។
បន្ទាប់មក កម្លាំងប៉ុស្តិ៍អូរសាយ បានធ្វើកិច្ចសន្យា និងអប់រំ ណែនាំ រួចបានរៀបចំប្រគល់ពួកគាត់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំគោករមៀត របស់អធិការដ្ឋាននគរបាល ស្រុកថ្មពួក ដើម្បីចាត់វិធានការបន្ត តាមនីតិវិធីច្បាប់៕