ម៉ូតូចំនួន០៣គ្រឿង និងតូបលក់ដូរដែលមានអីវ៉ាន់ចាប់ហួយពេញក្នុងតូប បានក្លាយជាចំណីព្រះអគ្គីដោយសារតែម្ចាស់ខ្វះការប្រុងប្រយ័ត្ន ពេលបូមសាំងនៅក្បែរភ្លើងចង្ក្រាន ធ្វើឲ្យឆាបឆេះ
ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី ២០ មេសា ឆ្នំា២០២២នេះ នៅចំណុចភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ តូបលក់ដូរដែលរងគ្រោះដោយអគ្គិភ័យនោះជារបស់ឈ្មោះ អ៊ាង សុផន ប្រុសអាយុ៦៦ឆ្នាំ។ តូបនេះ មានលក់អីវ៉ាន់ចាប់ហួយ និងសាំងដបនៅខាងមុខ តែត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ក្នុងនោះ មានទាំងម៉ូតូចំនួន០៣គ្រឿងផងដែរ។
អគ្គិភ័យនោះបានកើតឡើង ដោយសារតែម្ចាស់តូបបូមសាំងដាក់ដប នៅក្បែរភ្លើងចង្រ្កានមិនបានប្រយ័ត្ន ហើយក៏ឆាបឆេះរាលដាលភ្លាមៗតែម្ដង។ នេះបើតាមលោកសួរនាំម្ចាស់តូបដែលរងគ្រោះ។
ម៉ូតូចំនួន០៣គ្រឿងបានខូចខាត រីឯអីវ៉ាន់ចាប់ហួយ និងតូបលក់ដូរត្រូវភ្លើងឆេះទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់បំពង់ឧស្ម័នពន្លត់អគ្គិភ័យអស់ចំនួន០៧បំពង់ និងរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ទើបធ្វើឲ្យអគ្គិភ័យនេះរលត់ទាំងស្រុង។ ដោយឡែក តុល្យការនៃការខូចខាតវិញ បើតាមរបាយការណ៍ដដែលនេះ គឺជនរងគ្រោះបានខូចខាតម៉ូតូចំនួន០៣គ្រោះ តូបលក់ដូរ និងអីវ៉ាន់ចាប់ហួយនៅក្នុងតូបទាំងអស់ ដែលគិតជាទឹកប្រាក់ប្រមាណ ២៨លានរៀល។
សូមបញ្ជាក់ថា នេះជាគ្រោះមហន្តរាយអគ្គិភ័យលើកទី៤ ហើយដែលបានលេបត្របាក់លំនៅឋាននិងតូបលក់ដូររបស់ពលរដ្ឋនៅក្នុងស្រុកមោងប្ញស្សី ក្នុងរយៈពេលត្រិមតែ០៨ថ្ងៃប៉ុណ្ណោះ ។ តាមសេចក្ដីរាយការណ៍ លើកទី១ បានកើតឡើងនៅយប់ថ្ងៃទី១២ មេសា នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ អគ្គីភ័យដែលផ្ដើមឡើងពីការទុស្សេខ្សែភ្លើង បានឆាបឆេះផ្ទះជនរងគ្រោះឈ្មោះ ហ៊ិន សាក់ ប្រុសអាយុជាង៥០ឆ្នាំ។ អគ្គិភ័យដ៏ខ្លាំងក្លានេះ មិនត្រឹមតែឆេះអស់លំនៅឋាននិងទ្រព្យសម្បត្តិអស់ជាច្រើននោះទេ ថែមទាំងធ្វើឲ្យអ្នកភូមិចំនួន០៥នាក់ ដែលចូលជួយពន្លត់ភ្លើងរងរបួសធ្ងន់ស្រាល និង ខាតបង់ទ្រព្យសម្បត្តិអស់ប្រមាណ៣៥០០ដុល្លារ។
លើកទី២ បានកើតឡើងនៅព្រឹកថ្ងៃទី១៥ មេសា អគ្គិភ័យបានឆេះផ្ទះរបស់ជនរងគ្រោះឈ្មោះ ព្រាប នី ស្រីអាយុ៧៧ឆ្នាំ នៅភូមិដើមដូង ឃុំមោង។ អគ្គិភ័យនេះបង្កឡើងដោយសារម្ចាស់ផ្ទះធ្វេសប្រហែសដុតទៀន ធួប សែនទុកចោលម្ចាស់មិននៅ បណ្ដាលឲ្យខូចខាតផ្ទះ ប្រាក់ខ្មែរចំនួន១លានរៀល និង ប្រាក់ដុល្លាចំនួន៦០០ដុល្លា។
លើកទី៣ បានកើតឡើងនៅរសៀលថ្ងៃដដែល (១៥ ០៤ ២០២២) អគ្គិភ័យបានឆេះផ្ទះបាយរបស់ជនរងគ្រោះឈ្មោះ ហាប់ ណាប់ ស្រីអាយុ៦៦ឆ្នាំ នៅភូមិស្រះឈើនាង ឃុំឬស្សីក្រាំង ដែលផ្ដើមចេញពីការធ្វេសប្រហែសដូចគ្នារបស់ម្ចាស់ផ្ទះ មិនពន្លត់ភ្លើងចង្រ្កាន ពេលខ្លួនមិននៅ ទើបបង្កជាអគ្គិភ័យឆេះអស់ផ្ទះបាយ តែសំណាងល្អត្រូវអ្នកជិតខាងជួយពន្លត់ទាន់ពេល និងលើកទី៤ ដែលកើតឡើងនៅក្នុងស្រុកមោងប្ញស្សីដដែល នៅថ្ងៃទី ២០ មេសានេះ ក្នុងភូមិរាមគន់ ឃុំគារ ដែលផ្ដើមចេញពីការធ្វេសប្រហែសដដែល ដែលជនរងគ្រោះមានមុខរបរលក់អីវ៉ាន់ចាប់ហួយ និង លក់សាំងដប ហើយខ្វះការប្រុងប្រយ័ត្នពេលបូមសាំងនៅក្បែរភ្លើងចង្រ្កាន ទើបបង្កជាអគ្គីភ័យឆាបឆេះអស់តូបលក់ដូរ អីវ៉ាន់ចាប់ហួយ និងម៉ូតូចំនួន០៣គ្រឿងថែមទៀត ៕