ទូកុងតឺន័រមួយ ដែលផ្ទុកដោយអីវ៉ាន់ចម្រុះ ច្រើនមុខ មកពីប្រទេសចិន បន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្ត ទុកនៅក្នុងផែស្ងួត ស្រាប់តែត្រូវបានអគ្គិ ឆាបឆេះ ដោយពុំដឹងពីមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងផែស្ងួត ហុង ឡេងហួរ ភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ទូកុងតឺន័រមួយ ដែលផ្ទុកដោយអីវ៉ាន់ចម្រុះ ច្រើនមុខ មកពីប្រទេសចិន បន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្ត ទុកនៅក្នុងផែស្ងួត បានរយៈពេលជាង ៣ ម៉ោងប៉ុណ្ណោះ ស្រាប់តែត្រូវបានអគ្គិ ឆាបឆេះ ដោយពុំដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើល ទាំងព្រឹក ហើយភ្លាមៗនោះ ទោះជាប្រើបំពង់ពន្លត់អគ្គិភ័យ ច្រើនបំពង់ រួមជាមួយរថយន្ត ពន្លត់អគ្គិភ័យ ៣ គ្រឿង ទៅបាញ់ពន្លត់ ក៏មិនបានរលត់ភ្លាមៗដែរ។
ទូកុងតឺន័រមួយនេះ ផ្ទុកទៅដោយ អីវ៉ាន់ចម្រុះ ជាច្រើនមុខ ដូចជា គ្រឿងប្លាស្ទិក ម៉ូទ័របូមខ្យល់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈច្រើនមុខទៀត ដែលទើបនឹងនាំចូលពីប្រទេសចិន តាមច្រកកំពង់ ផែសមុទ្រ ខេត្តព្រះសីហុន បន្ទាប់មក បានដឹកតាមរថយន្ត មកទម្លាក់ចុះ នៅក្នុងផែស្ងួត ហុង ឡេងហួរនេះ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃកើតហេតុ ខាងលើនេះ ហើយ ក៏ស្រាប់តែជួបនូវ ហេតុការណ៍ភ្លើងឆេះ បែបនេះ តែម្ដង។
កម្មករ នៅក្នុងផែស្ងួតនេះ បានដើរទៅបត់ជើងកាត់ តាមនោះ ស្រាប់តែប្រទះឃើញមានផ្សែង ហុយចេញ ពីក្នុងទូកុងតឺន័រមួយនេះ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មក ក៏បាននាំគ្នាយកបំពង់ ពន្លត់អគ្គិភ័យ ច្រើនបំពង់ ទៅបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរ ដើម្បីសុំ រថយន្តពន្លត់អគ្គិភ័យ ទៅជួយ។ រថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការ នៅសាលាខណ្ឌកំបូល ១គ្រឿង និងរថយន្ត ពន្ល់អគ្គិភ័យ អង្គភាព ៧១១ កងពលតូចលេខ៧០ ចំនួន ៣ គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ពន្លត់ ហើយក៏បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿង ចក្រ ទៅស្ទូចលើកបំបះ ចាក់អីវ៉ាន់ ចេញពីក្នុងទូកុងតឺន័រ ដើម្បីងាយស្រួល ក្នុងការបាញ់ពន្លត់៕

អត្ថបទដែលជាប់ទាក់ទង