យុវជនម្នាក់ ជាអ្នករួមដំណើរ បានស្លាប់ និងបុរសជាអ្នក បើកម៉ូតូ បានរងរបួសធ្ងន់ ដោយសារបើកម៉ូតូ ឌុបគ្នា ទៅប៉ះរថយន្តមួយគ្រឿង បណ្ដាលឱ្យដួលខ្ទាត ចូលរថយន្ត
បន្ទាយមានជ័យៈ នៅ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិ លេខ៦ ត្រង់ចំណុចខាងកើត មុខខ្លោងទ្វារកងពលលេខ៥១ ក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុនោះ មាន ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1X8825 បើកដោយឈ្មោះ ភុំ ឃាត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរជាមយយ ឈ្មោះ ណែម វណ្និត ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិជាមួយគ្នា ទំនងជាអ្នកបើកម៉ូតូស្រវឹង ហើយបើកក្នុងល្បឿនលឿន ក៏បើកទៅប៉ះ រថយន្តមួយគ្រឿង បណ្តាលឲ្យដួល អ្នកបើកម៉ូតូ និងអ្នករួមដំណើរ ។ ស្របពេលនោះ មានរថយន្តម៉ាក TOYOTA SIENA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2V3300 បើកមកពីទិស ខាងកើត មកខាងលិច ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ និងអ្នករួមដំណើរ ស្លាប់ ។
គ្រោះថ្នាក់នេះ មូលហេតុម៉ូតូបើកក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ក្នុងទីប្រជុំជន។ ចំណែក រថយន្តម៉ាក Toyota SIENA មានល្បឿនលឿន។ មកទល់ឥឡូវនេះ រថយន្ត និងម៉ូតូ ត្រូវនគរបាលចរាចរណ៍ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកព្រះនេត្រព្រះ ៕