សមត្ថកិច្ចចុះទៅនាំគ្រឿងចក្រយកមករក្សាទុកពីល្ងាច តែព្រឹកឡើងឃើញគ្រឿងចក្រ និងរថយន្តដឹកដីដំណើរការវិញដដែល «បឹងជាលា» ហេតុអី?
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នំា២០២២នេះ នៅចំណុច បឹងជាលា គេឃើញមានរថយន្តដឹកដីជាច្រើនគ្រឿង និងគ្រឿងចក្រ២គ្រឿង កំពុងបន្តចាក់ដីលុបបន្តទៀត ដែលករណីនេះពិតជាធ្វើឲ្យសាធារណជនមានការងឿងឆ្ងល់។
ប្រជាពលរដ្ឋពិតជាមានការងឿងឆ្ងល់ ព្រោះតែបទល្មើសចាក់ដីលុប «បឹងជាលា» ក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ពីល្ងាចថ្ងៃទី២១ ខែមេសា ត្រូវបានសមត្ថកិច្ចចម្រុះបានចុះចាប់ឃាត់គ្រឿងចក្រអាប៊ុល១គ្រឿង និងរថយន្ត៤គ្រឿង យកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត។
ទាក់ទងនឹងករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែមេសា បានបញ្ជាក់ថា ទាក់ទងនឹងការចាក់លុបបឹង តាមផ្លូវច្បាប់គឺជាតួនាទីរបស់មន្ទីរធនធានទឹកខេត្ត ជាអ្នកគ្រប់គ្រង ដូច្នេះករណីនេះ ខាងមន្ទីរកសិកម្មមិនពាក់ព័ន្ធនោះទេ។
ប៉ុន្តែការចាក់លុបវាលទំនាបលិចទឹក ដែលជាដែននេសាទគឺជាតួនាទីរបស់មន្ទីរកសិកម្មគ្រប់គ្រង តែករណីការចាក់ដីលុបបឹងខាងលើនេះខាងមន្ទីរពុំបានអនុញ្ញាតនោះឡើយ។ តែរឿងនេះលោកបានឃើញម្ចាស់ដីបានរត់ច្បាប់ តាមច្រកចេញចូលក្នុងសាលាខេត្តដែរ។
ដោយឡែកលោក ងិន យ៉ុង អនុប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែមេសានេះ បានឲ្យដឹងថា ករណីចាក់ដីលុបវាលទំនាបនេះ ខាងមន្ទីរធនធានទឹក កំពុងអនុវត្តការងារជុំទី២ផ្នែកបច្ចេកទេស ដូចជាការចុចកំណត់និយាមកាម លើទីតាំងដីដើម្បីផ្ដល់ព័ត៌មានជូនខេត្តពិនិត្យសម្រេច ប៉ុន្តែខាងបច្ចេកទេសមិនទាន់រៀបចំឯកសារចប់សព្វគ្រប់ផង ទើបតែដល់ជុំទី២ ស្រាប់តែឃើញគេចាក់ដីបាត់ទៅហើយ។ «ជាក់ស្តែងយើងពិនិត្យឃើញក្រុមហ៊ុនម្ចាស់ដីនោះ ចាក់ដីលើសការកំណត់គឺចូលក្នុងបឹង តាមច្បាប់គឺមិនអាចអនុញ្ញាតឲ្យចាក់ដីលុបបឹងបានឡើយ តែរឿងនេះអាស្រ័យលើរដ្ឋបាលខេត្ត។ នៅតំបន់នោះនៅថ្ងៃខាងមុខ នឹងទទួលបានអនុប្រយោគដើម្បីអភិវឌ្ឍក្រុងកំពង់ឆ្នាំងផងដែរ»៕