ឆ្ងល់ណាស់! បុរសជនជាតិវៀតណាម២នាក់ ធ្លាក់ពីលើអគារជាន់ទី៦ ស្លាប់ (អគារកាស៊ីណូយ៉ុងយ័ន)
ភ្នំពេញ : កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បុរសជនជាតិវៀតណាមពីរនាក់ស្លាប់ក្រោយអគារកាស៊ីណូយ៉ុងយ័ន ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
សាកសព ជនជាតិវៀតណាម ទាំងពីរនាក់មានដូចជា : ១.ឈ្មោះ ផាម ហ៊ូ ឌឹ (PHAM HUU DU) ឆ្នាំកំណើត ថ្ងៃទី១៦.១២.១៩៩០ កាន់អត្តសញ្ញាណប័ត្រវៀតណាម លេខ ០៣៤០៩០០០១២៦០ មុខរបរ បុគ្គលិកកាស៉ីណូយ៉ុងយ័ន បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ២.ឈ្មោះ លូ វៀត ឡុង (LUU VIET LONG) ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី៣១.០៨.១៩៩៩ កាន់អត្តសញ្ញាណប័ត្រវៀតណាម លេខ ០៣១០៩៩០០៧៣៥២ មុខរបរ បុគ្គលិកកាស៊ីណូយ៉ុងយ័ន បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២យប់ ជនរងគ្រោះនេះ បានធ្លាក់ពីលើអគារជាន់ទី៦ បណ្ដាលរងរបួសធ្ងន់ ដោយឃើញស្ថានភាពបែបនេះ មានសន្តិសុខ ចំនួន ២នាក់ ១.ឈ្មោះ ងួន ឆេងលី និងឈ្មោះ ផាត់ សំឡូត និងមានជនជាតិវៀតណាមចំនួន ២នាក់ ជាបុគ្គលិក(កាស៊ីណូ) មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាទៅលើកជនរងគ្រោះទាំងពីរ ដាក់រថយន្ដ ម៉ាក លុចស៉ីច GX470 ពណ៌ស មិនចាំឆ្នាំផលិត ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6380 បានដឹកទៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា-សូវៀត ដើម្បីជួយសង្រ្គោះ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះនេះ បានទទួលមរណៈភាពបាត់ទៅហើយ។
កម្លាំងអធិការដ្ឋានននគរបាលស្រុកកោះធំ សហការជាមួយ កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកស្នងការរង ទទួលដឹកនាំការងារអន្តោប្រវេសន៍ និងកម្លាំងនគរបាលបច្ចេកទេសក្រសួង បានចុះទៅកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការស្រាវជ្រាវ សើបអង្កេតបន្ត និងកំណត់បទល្មើស។
ជុំវិញករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា សពទាំងពីរ ធ្លាក់ពីលើទីខ្ពស់អគារA4 ជាន់ទី៨ របួសធ្ងន់ធ្ងរពេក បណ្តាលឲ្យស្លាប់។ សាកសពទាំងពីរ បានរក្សាទុកនៅវត្តស្ទឹងមានជ័យ រង់ចាំអនុវត្តន៍ និងបន្តនីតិវិធី៕