បុរសម្នាក់ មានផ្ទះត្រឹមត្រូវដែរ ប៉ុន្តែដោយសារតែគ្រឿងញៀន និងគ្រឿងស្រវឹងផង និងខូចចិត្តរឿងលែងលះគ្នាជាមួយប្រពន្ធផង បានធ្វើឲ្យគាត់ក្លាយទៅជាមនុស្សម្នាក់វង្វេងស្មារតី ហើយមួយថ្ងៃៗគិតតែពីដើរអត់ចូលផ្ទះ យប់ត្រង់ណាដេកត្រង់នោះ ដូចទៅនឹងជនអនាថា

ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់បុរសចំណាស់ម្នាក់ ដែលត្រូវជាឪពុកបង្កើតរបស់គាត់ ។ នៅទីបំផុត បុរសរូបនេះ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់តាមផ្លូវ ដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា បុរសរងគ្រោះស្លាប់ដោយសារខ្យល់គ (គាំងបេះដូង)។
បើតាមបុរសជាឪពុកបានប្រាប់នគរបាលថា កូនប្រុសរបស់គាត់ ឈ្មោះរ៉េត អាយុជាង៣០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ រូបគេធ្លាប់មានប្រពន្ធដែរ ប៉ុន្តែបានលែងលះគ្នាច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះកូនប្រុសរបស់គាត់នេះបានប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងថែមទៀតផង ដោយសារតែខូចចិត្ត ព្រោះតែការលែងលះគ្នាជាមួយប្រពន្ធ និងការប្រើប្រាស់គ្រឿងញៀននេះ ហើយបានធ្វើឲ្យកូនប្រុសគាត់នេះក្លាយទៅជាមនុស្សម្នាក់វង្វេងស្មារតីដើរលែងចូលផ្ទះ។ ពីមុនកូនរបស់គាត់មានមុខរបរជាអ្នកលក់លៀសហាលដែរ ប៉ុន្តែក្រោយពីវង្វេងស្មារតីក៏ចេះតែដើរតែលតោលគ្មានគោលដៅដូចជនអនាថា គឺយប់ត្រង់ណាដេកត្រង់នោះ ។ ដូចជានៅតាមផ្លូវ តាមដីវាល ឬក្រោមដើមឈើមិនទៀងទាត់ឡើយ ហើយទោះជាគាត់ព្យាយាមហៅឲ្យចូលផ្ទះក៏ពុំព្រមចូលដែរ ។ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រាប់តែទទួលដំណឹងថា កូនប្រុសរបស់គាត់ដេកស្លា.ប់តាមផ្លូវបាត់ទៅហើយ ទើបគាត់ទៅមើល និងសុំយកសាកសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង