រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
(សៀមរាប)៖ រាជរដ្ឋាភិបាលបានចេញសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បន្ទាប់ពីដាក់ចេញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
យោងតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកជាច្រើនរូបទៀត។
សេចក្ដីសម្រេចដដែលបានបន្តថា សមាជិកនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានភារកិច្ចអនុវត្តការងារទៅតាមការតម្រង់ទិសរបស់អនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
គួរជម្រាបថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ផងដែរ ៕