ឃាត់ខ្លួនជនសង្ស័យ ប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ធ្លាប់ជាប់មណ្ឌលកែប្រែចំនួន៥លើក កន្លងមកហើយ
បន្ទាយមានជ័យ: កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានទទួលបណ្ដឹងពីអាណាព្យាបាលឈ្មោះ ឈួយ វិចិត្រ ភេទប្រុសអាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះព្លាន ញ៉ឹស ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ជាឪពុកម្តាយរបស់ជនសង្ស័យ)។
មន្ត្រីបានបន្តថា គឺបានប្ដឹងទៅលើឈ្មោះ ហេង គឹមហួង ភេទប្រុស អាយុ ២៧ឆ្នាំ ជាកូនបង្កើតរស់នៅផ្ទះជាមួយគ្នា ដែលបានប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ធ្លាប់ជាប់មណ្ឌលកែប្រែចំនួន៥លើកកន្លងមកហើយ។
ដោយចេញមកវិញមិនព្រមកែប្រែ នៅតែប្រើប្រាស់ថ្នាំញៀននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសា ទើបអាណាព្យាបាលសម្រេចចិត្តមកដាក់បណ្ដឹងឱ្យសមត្ថកិច្ចសំណូមពរជួយចាត់ការតាមនីតិវិធី។
ករណីនេះ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង គឹមហួង មកធ្វើការសាកសួរ ដើម្បីរៀបចំសំណុំរឿងនិងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕