អគ្គិភ័យឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់ ក្នុងភ្លើងគួរឱ្យរន្ធត់

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។ ករណីអគ្គិភ័យឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់នៅក្នុងភ្លើងគួរឱ្យរន្ធត់ និងម៉ូតូសណ្តោងរុឺម៉កព្រមទាំងសម្ភារធុងហ្គាសជាច្រើនរងការខូចខាតដែលបង្កឡើងដោយការផ្ទុះធុងហ្គាស។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសោម ចិនភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូលនិងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុនេះ។
ចំពោះផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានខូចខាតអស់ទាំងស្រុង។ ចំណែកសម្ភារមានម៉ូតូនិងរុឺម៉កសណ្តោងចំនួនមួយគ្រឿង, ហ្គាសធុងធំចំនួន១១ធុង, ហ្គាសកំប៉ុងតូចចំនួន៨០កំប៉ុងនិងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។
ម្ចាស់ផ្ទះនេះ មានមុខរបរបញ្ចូលនិងដូរហ្គាសជាច្រើនឆ្នាំមកហើយ ពេលកើតហេតុគាត់កំពុងដេកលង់លក់ជាមួយគ្រួសារស្រាប់តែឮសូរសំឡេងផ្ទុះបង្កជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាងចេញមកមើល និងដងទឹកជះពន្លត់ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយធ្វើអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំខ្លាំងទៅហើយគឺមិនអាចគ្រប់គ្រងស្ថានការណ៍នោះបានទេ។ សពម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចរកឃើញក្នុងភ្នក់ភ្លើងស្លាប់គួរឱ្យសង្វេគនិងបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង