បញ្ជូនខ្លួនជនសង្ស័យ ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត

បញ្ជូនខ្លួនជនសង្ស័យ ០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុប៉ោយប៉ែត ។
នៅវេលាម៉ោង០១និង៥០នាទីយប់ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ចាន់ធី វិសា ហៅ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ កែវ ចាន់ជូ ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-6872 ចំនួន០១គ្រឿង របស់ឈ្មោះ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


បន្ទាប់ពីបានធ្វើសកម្មភាពលួចបានសម្រេច ក្រុមជនសង្ស័យទាំង០២នាក់នេះ បានជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ ។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យទាំង០២នាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 ចំនួន០១គ្រឿង របស់ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក.៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពួកគេបានយកជើងធាក់កម៉ូតូរួច ជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើកម្លាំងអាវុធហត្ថ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង ១.ម៉ូតូម៉ាកហុងដា ស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ 1A 6872 ។ ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ 1W 8683 ចំនួន០១គ្រឿង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ ជនសង្ស័យទាំង២នាក់ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ ៕

អត្ថបទដែលជាប់ទាក់ទង