ក្មេងទំនើងចំនួន២ក្រុម បើកការប្រយុទ្ធគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវជាច្រើនកាំបិត សមត្ថកិច្ចឃាត់ភាគីទាំងសងខាង ចំនួន៨នាក់ យកមកសួរនាំ នៅភ្នំពេញ
ក្មេងទំនើងចំនួន២ក្រុម បើកការប្រយុទ្ធគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវជាច្រើនកាំបិត សមត្ថកិច្ចឃាត់ភាគីទាំងសងខាង ចំនួន៨នាក់ យកមកសួរនាំ នៅភ្នំពេញ
ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុ គេឃើញយុវជនចំនួន២ក្រុមបាននាំគ្នាវាយគ្នាទៅវិញទៅមក ដោយភាគីខាងជនបង្កមានគ្នា៤នាក់ប្រដាប់ដោយកាំបិតចំនួន១ និង៣នាក់ទៀតវាយដោយដៃ។ ចំណែកភាគីខាងជនរងគ្រោះមានគ្នា៥នាក់ ហើយបាននាំគ្នាវាយគ្នាទៅវិញទៅមក ហើយភាគីជនបង្កដែលមានគ្នា៤នាក់នោះបានកាប់ទៅលើក្រុមភាគីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដោយត្រូវដៃម្ខាងរបួសជាច្រើនកន្លែង ហើយត្រូវបានបងប្អូន និងមិត្តភ័ក្ដិនាំគ្នាបញ្ជូនទៅមន្ទីរពេទ្យឯកជនសម្ភពអង្គភ្លាមៗ។
បន្ទាប់ពីជនរងគ្រោះម្នាក់រងរបួសធ្ងន់ ភាគីខាងរងគ្រោះដែលមានរបួសស្រាលៗបានប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗសួរនាំ និងបានឃាត់ក្រុមជនបង្កចំនួន៤នាក់ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី៣។ ចំណែកភាគីរងគ្រោះចំនួន៥នាក់វិញ ក្នុងនោះជនរងគ្រោះម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយនៅសល់៤នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហៅសួរនាំផងដែរ ដោយភាគីទាំងសងខាងបាននិយាយដាក់គ្នាទៅវិញទៅមក។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានសួរនាំរួច ក៏បាននាំជនរងគ្រោះដែលរងរបួសធ្ងន់ មកនិយាយនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ដោយជនរងគ្រោះទាមទារសំណងថ្លៃព្យាបាលចំនួន៨០០ដុល្លារដើម្បីព្យាបាល តែភាគីម្ខាងទៀតមិនមានលុយសម្រាប់ដោះស្រាយដល់ជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានបញ្ជូនជនបង្កទាំង៤នាក់ និងបក្សពួកជនរងគ្រោះ៤នាក់ យកទៅសួរនាំនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ក្រុមគ្រួសារយកទៅព្យាបាលសិន៕