យោធាមួកខៀវកម្ពុជា ចំនួនបួនរូប បានបញ្ចប់វគ្គហ្វឹកហ្វឺន បង្វឹកជំនាញសុនខហិតមីន ដោយជោគជ័យ
យោធាមួកខៀវកម្ពុជា ចំនួនបួនរូប បានបញ្ចប់វគ្គហ្វឹកហ្វឺន បង្វឹកជំនាញសុនខហិតមីន ដោយជោគជ័យ
ភ្នំពេញៈ ឱកាសវិលត្រឡប់មកមាតុប្រទេសវិញ ក្រោយពេលបញ្ចប់វគ្គហ្វឹកហាត់ជំនាញបង្វឹក និងថែទាំសុនខហិតមីន សម្រាប់ចូលរួមបេសកកម្មរក្សាសន្តិភាព នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមជើងហោះហើរ ក្រុមហ៊ុនម៉ាឡេស៊ី អ៊ែរឡាញ សិក្ខាកាមកងយោធាមួក ខៀវ ក៏បាននាំយកមកជាមួយនូវសុនខហិតមីន ចំនួនបួនក្បាល រួមនឹងឧបករណ៍គ្រឿង សម្ភារៈ សម្រាប់កងសុនខ មកកម្ពុជាផងដែរ។
យោធាមួកខៀវកម្ពុជា ចំនួនបួនរូប បានបញ្ចប់វគ្គហ្វឹកហ្វឺន បង្វឹកជំនាញសុនខហិតមីន ដោយជោគជ័យ រយៈពេលមួយខែ (២៦ខែសីហា ដល់ ២៥ ខែតុលា ឆ្នាំ២០២២) នៅសាធារណរដ្ឋឥណ្ឌា ក្រោមជំនួយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពឥណ្ឌា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សូមបញ្ជាក់ថា សុនខហិតមីនទាំងបួនក្បាល ខាងលើនេះ គឺជាជំនួយឥតសំណង លើកទី២ ដែលកងទ័ពនៃសាធារណរដ្ឋឥណ្ឌា បានផ្តល់ជូនដល់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព សម្រាប់ការងារបោសសម្អាតមីន ក្នុងប្រទេស និងផ្តល់លទ្ធភាព លើវិស័យបេសកកម្មរក្សាសន្តិភាព តាមតំបន់បេសកកម្ម តបតាមតម្រូវការរបស់ អង្គការសហប្រជាតិ។ នេះបើតាមការបញ្ជាក់ពីកញ្ញា ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ សិក្ខាកាមយោធាមួកខៀវកម្ពុជា វិលត្រឡប់មកពី សាធារណរដ្ឋឥណ្ឌា នៅអាកាសយាន ដ្ឋាន អន្តរជាតិភ្នំពេញ។
កញ្ញា ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានបញ្ជាក់បន្ថែមថា កន្លងទៅ កងទ័ពសាធារណរដ្ឋឥណ្ឌា ធ្លាប់បានផ្តល់ជំនួយសុនខ ហិតមីន ចំនួន ១៥ ក្បាល ជូនដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់បម្រើឲ្យដល់ វិស័យរុករកបោសសម្អាតមីន ទាំងក្នុងប្រទេស និងសម្រាប់វិស័យរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។ ដូច្នេះជារួម មជ្ឈមណ្ឌលជាតិទទួលបានជំនួយសុនខហិតមីន សរុបចំនួន ១៩ ក្បាល ពីកងទ័ពនៃសាធារណរដ្ឋឥណ្ឌា។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) កញ្ញា ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ពសាធារណរដ្ឋឥណ្ឌា ដែលបានយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបានផ្តល់ជំនួយឥតសំណង ជាបន្តបន្ទាប់ ទាំងស្មារតី គ្រឿងបរិក្ខា សម្ភារៈ និងការបញ្ជូនក្រុមយោធាចារ្យ មកជួយបណ្តុះបណ្តាល ហ្វឹកហ្វឺន នារយៈកាលកន្លងទៅ ដល់កងយោធាមួកខៀវកម្ពុជា សំដៅបង្កើនសមត្ថភាព និងប្រសិទ្ធភាពឲ្យដល់ កងយោធាកម្ពុជា លើវិស័យជំនាញ រក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។
សូមបញ្ជាក់បន្ថែមថា សាធារណរដ្ឋឥណ្ឌា ជាប្រទេសដែលបានផ្តល់កិច្ចគាំទ្រយ៉ាងសកម្ម បន្ទាប់ពីកម្ពុជា រំដោះផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ ដោយឡែក កងទ័ពសាធារណរដ្ឋឥណ្ឌា ក៍បានចូលរួមយ៉ាងសកម្ម ក្នុងកងយោធាមួកខៀវ របស់ អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ (UNTAC) នាទសវត្សរ៍ឆ្នាំ ១៩៩២-១៩៩៣ សំដៅបញ្ចប់សង្គ្រាមត្រជាក់ នៅកម្ពុជាផងដែរ៕