បញ្ជូនមុខសញ្ញាជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាច់ក ម៉ូតូ
បញ្ជូនមុខសញ្ញាជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាច់ក ម៉ូតូ
ភ្នំពេញ: នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់កម៉ូតូ) ។
ជនសង្ស័យឈ្មោះ ណុប រាត្រី ហៅ ត្រី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ចំនុចផ្ទះជួលលេខ ០៧៩ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជនរបស់ជនសង្ស័យខាងលើ ។
ដោយចាប់យកវត្ថុតាង៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-0620, និង ម៉ាក Honda cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព ១-៥៧៧៧), សោរាងអក្សរតេចំនួន០៣ដើម និងសម្ភារ:សម្រាប់ធ្វើសកម្មភាពមួយចំនួន ។
ក្រោយពីធ្វើការឆែកឆេរក្នុងបន្ទប់ជួល កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ ថែមទាំងរកឃើញមានរក្សាទុក ម្សៅក្រាមពណ៌សថ្លា ចំនួន០២ កញ្ចប់ថងតូច, ថង់សម្រាប់វេចខ្ចប់សារធាតុញៀនចំនួន០១កញ្ចប់ ព្រមទាំងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាព លួចកាច់កម៉ូតូជាច្រើនលើក ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ផងដែរ ៕