តុលាការប្រកាសសាលដីកា តម្កល់ទោសអោយ ជាប់ពន្ធនាគារកំណត់២៨ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់ »
តុលាការប្រកាសសាលដីកា តម្កល់ទោសអោយ ជាប់ពន្ធនាគារកំណត់២៨ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់ »
ភ្នំពេញ ៖ នៅថ្ងៃទី ២៧ខែ តុលា ឆ្នាំ ២០២២នេះ ស្ត្រីម្នាក់ត្រូវបានក្រុមប្រឹក្សាតុលាការប្រកាសសាលដីកា តម្កល់ទោសអោយ ជាប់ពន្ធនាគារកំណត់២៨ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនដោយខុសច្បាប់ » ។
អំពើល្មើសនេះប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៩ នៅត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ ៦៣ ឆ្នាំ កើតឆ្នាំ( ១៩៥៩ ) ។
នៅក្នុងសំណុំរឿងនេះ ស្ត្រីជាប់ចោទ ពុំ ស៊ន ត្រូវបានសាលាដំបូងខេត្ត បាត់ដំបង កាត់ទោសកាលថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩ ផ្ដន្ទាទោសដាក់ពន្ធនាគាកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។
ជនជាប់ចោទ ឈ្មោះពុំ ស៊ន និងបក្សពួក២នាក់ឈ្មោះ តាត គិរី ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ឈួន ម៉ារី ភេទស្រីអាយុ២៩ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចអាវុធហត្ថបានដកដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៩ គីឡូ ទម្ងន់ ៦០០ ក្រាម -គ្រឿងញៀនប្រភេទWY ចំនួន ២៦៩កញ្ចប់ ទម្ងន់៦គីឡូ នឹង១០០ក្រាម ស្មើនឹង៥៣,៨០០ ក្រាម- គ្រឿងញៀនសរុបទម្ងន់១៥,៨គីឡូក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង, រថយន្តចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង, ប្រាក់រៀលចំនួន១,៧៨៩,០០០រៀល និង២,៣៦០បាត ៕